(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងជំនួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ដាំផ្ញើដល់អាចារ្យទាំងអស់ កុំឲ្យលូកដៃក្នុងកិច្ចការព្រះសង្ឃច្រើនពេក ដែលអាចនាំឲ្យមានការបែកបាក់ក្នុងទីអារាម។
ក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាចារ្យត្រូវខិតខំដើរតួនាទីជាអ្នកសម្របសម្រួល ជៀសវាងការចាក់ភ្លើងបន្ថែមជាមួយជម្លោះណាមួយ ដូច្នេះប្រសិនបើអនុវត្តចំណុចនេះបាន នឹងធ្វើឲ្យមានសុខដុមនីយកម្ម ក្នុងទីអារាម ហើយក៏ជាគំរូឲ្យពុទ្ធបរិស័ទចំណុះជើងវត្ត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ត្រូវយកចិត្តទុកដាក់ បើនៅក្នុងទីអារាមមួយបែងចែកនៅជាមួយគ្នាអស់សុខ។ វត្តថ្មីកើតឡើងដោយសារព្រះសង្ឃបានចាកចេញពីវត្ត ទៅនៅវត្តផ្សេង ហើយកកើតវត្តថ្មី។ គ្រូសូត្រឆ្វេង សូត្រស្ដាំ ព្រះចៅអធិការមិនត្រូវគ្នាជាមួយគ្រូសូត្រ ឬអាចារ្យមិនត្រូវគ្នាជាមួយព្រះចៅអធិការ នេះជាចំណុចនាំឲ្យមានភាពរង្គួសរង្គើរក្នុងទីអារាម។ អញ្ចឹងត្រូវខិតខំសម្របសម្រួលដោយតួនាទីរបស់អាចារ្យផងដែរ ដែលចូលរួមចំណែក អាចារ្យកុំចាក់ភ្លើងបន្ថែមជាមួយជម្លោះដែលកើតក្នុងទីអារាម»។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាចារ្យ អាចារិនី ត្រូវរួមគ្នាសហការជាមួយគណៈសង្ឃ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចឲ្យបានល្អតាមតួនាទី ភារកិច្ច និងតាមលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍសង្គម។
លើសពីនេះ អាចារ្យ អាចារិនីខ្មែរ ត្រូវពង្រឹងការថែរក្សាឲ្យបាននូវក្រមសីលធម៌អាចារ្យខ្មែរ ដែលរក្សាឲ្យបាននូវភាពថ្លៃថ្នូរ ក្នុងតួនាទីជាអាចារ្យរបស់ខ្លួន ត្រូវមានភាពឈ្លាសវៃក្នុងការរិះរកនីតិវិធីដោះស្រាយសម្របសម្រួលគ្រប់តម្រូវការរបស់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ព្រមទាំងទទួលខុសត្រូវ និងរក្សានូវគុណធម៌ ជៀសវាងការប្រព្រឹត្តខុសឆ្គង ប្រកាន់បក្ខពួក ឬរើសអើងវណ្ណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់សាសនា៕