(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អាចារ្យ អាចារិនី ចូលរួមអប់រំប្រជាពលរដ្ឋ និងយុវជននៅតាមភូមិឋាន ឱ្យលះបង់អំពើអបាយមុខ ដូចជាល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀន ព្រមទាំងចូលរួមផ្សព្វផ្សាយពីបញ្ហាច្បាប់ចរាចរណ៍។
ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅនៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប ១៥០០នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរក្សានូវសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកិច្ចការដ៏សំខាន់ត្រូវចូលរួមទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមលោកយាយ លោតា ញាតិញោម បងប្អូនទាំងឡាយ ចូលរួមជាមួយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព យកអាហ្នឹងធ្វើជាស្នូល ព្រោះរឿងវានៅមូលដ្ឋានទាំងអស់ហ្នឹង អ៊ឹចឹងថ្ងៃហ្នឹង បានជួបអាចារ្យ បានអាចារិនី ដែលនៅតាមទីអារាមនានា ផ្តល់ការអប់រំចំពោះប្រជាពលរដ្ឋ ដែលគាត់សុំសីល ឬក្មេងៗទៅធ្វើបុណ្យទាន យើងផ្តល់ការអប់រំ មានបញ្ហាគ្រឿងញៀន ល្បែងស៉ីសង បញ្ហាសុវត្ថិភាពចរាចរណ៍...!»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់បញ្ហាធ្ងន់ធ្ងរណាពេលបច្ចុប្បន្ននេះ គឺបញ្ហាគ្រឿងញៀន ប្រសិនបើកូន និងសាច់ញាតិរបស់យើង ឬប្រជាពលរដ្ឋនៅក្នុងភូមិប្រព្រឹត្តអំពើគ្រឿងញៀន និងលេងល្បែងស៉ីសងច្រើន វានឹងកើតឡើងនូវអំពើចោរប្លន់ ចោរលួចនៅក្នុងមូលដ្ឋានជាដើម។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អាចារ្យ អាចារិនី ព្រះសង្ឃ ត្រូវបន្តផ្តល់ការអប់រំនូវអំពើល្អទាំងឡាយដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចបន្តថា «កាលណាប្រជាពលរដ្ឋមានសីលធម៌ល្អ គុណធម៌ល្អ អំពើទុច្ចរិត មិនកើតឡើងទេ ហើយបើវាកើតឡើងក៏តិចតួច អ៊ឹចឹងសូមជួយថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាណាចក្រ និងពុទ្ធចក្រ ផ្សារភ្ជាប់គ្នាយ៉ាងសំខាន់ មិនអាចខ្វះគ្នាបាននោះឡើយ។ ដូចនេះ ការផ្សារភ្ជាប់រវាងអាណាចក្រ និងពុទ្ធចក្រ គឺជាទស្សនៈវិស័យនយោបាយរបស់បក្សប្រជាជនកម្ពុជា តាំងពីពេលចាប់ផ្តើមតស៊ូរំដោះជាតិ៕