(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នរណាក៏អាចក្លាយទៅជាគ្រូយើងបានដែរ សូម្បីតែកសិករ អ្នកស៊ីក្លូ ជនពិការ ក៏អាចក្លាយទៅជាគ្រូរបស់យើងបានដែរ ដោយមិនចាំបាច់ទាល់តែគ្រូចេញពីមហាវិទ្យាល័យថ្នាក់ណានោះទេ ហើយសម្តេចក៏បានប្រកាសចាត់ទុកមនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជាជាគ្រូរបស់សម្តេចផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប ១៥០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «វាគ្រាន់តែជាការផ្តាំផ្ញើទេ សម្រាប់ខ្ញុំមិនមែនគ្រប់ ១០០មុខនោះទេ មានអ្នកចេះដឹងលើសខ្ញុំនោះវាច្រើនណាស់ រាប់ទាំងកូនខ្ញុំក៏វាចេះដឹងលើសខ្ញុំដែរ ហើយយើងកុំភ្លេចថាអ្នកណាក៏ដោយក៏អាចក្លាយទៅជាគ្រូយើងបានដែរ កសិករម្នាក់ក៏អាចក្លាយទៅជាគ្រូរបស់យើងបានដែរ អ្នកស៊ីក្លូម្នាក់ក៏អាចក្លាយទៅជាគ្រូរបស់យើងបានដែរ នៅពេលដែលយើងសួរនាំពីគាត់នូវអ្វីដែលយើងអត់ចេះ គាត់ឆ្លើយតបមកជាមួយយើងគឺជាការបង្រៀនយើង»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា កុំចាំតែគ្រូចេញពីមហាវិទ្យាល័យថ្នាក់ណាមួយ ទើបអាចធ្វើជាគ្រូយើងបាន គឺគ្រាន់តែជាកសិករម្នាក់ ជនពិការម្នាក់ ក៏អាចក្លាយទៅជាគ្រូយើងបានដែរ ព្រោះគាត់បានពន្យល់យើងពីតម្រូវការរបស់គាត់ គឺធ្វើឱ្យយើងបានយល់ និងពេលរៀបចំក្របខណ្ឌគោលនយោបាយដាក់ទៅបានត្រូវរឿង ដូចនេះកសិករក៏ជាគ្រូយើងបាន កម្មករ ជនពិការក៏ជាគ្រូយើងបាន គ្រូបង្រៀនក៏ជាគ្រូយើង គ្រូពេទ្យក៏ជាគ្រូ អ្នកណាក៏ជាគ្រូរបស់យើងបានដែរ។ សម្តេចបានប្រកាសថា សម្តេចចាត់ទុកមនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជា ជាគ្រូរបស់សម្តេចផងដែរ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា សម្តេចគឺជាមនុស្សចាប់ឆាយ ប៉ុន្តែការចាប់ឆាយរបស់សម្តេចនេះហើយ ដែលបានរៀបចំគោលនយោបាយត្រូវជាមួយនឹងគោលដៅដែលប្រជាជនចង់បានផងដែរ៕