(អាមេរិក)៖ ហេតុការណ៍បាញ់ប្រហារពីសំណាក់យោធាជនជាតិស្បែកខ្មៅម្នាក់ បណ្តាលឲ្យមន្ត្រីប៉ូលិសជាច្រើននាក់ត្រូវស្លាប់ និងរងរបួស ខណៈមនុស្សជាច្រើនកំពុងធ្វើបាតុកម្មក្នុងទីក្រុងដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក ដើម្បីប្រឆាំងការរើសអើងជាតិសាសន៍។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦កន្លងម្សិលមិញ។
ជនរងគ្រោះ៖
ប៉ូលិស៥នាក់ត្រូវបានបាញ់សម្លាប់ ខណៈដែលប៉ូលិស៧នាក់ និងជនស៊ីវិល២នាក់ផ្សេងទៀតរងរបួស។ អ្នកស្លាប់ទាំង៥នាក់ ជាប៉ូលិសស្បែកស ក្នុងនោះរួមមាន លោក Brent Thompson អាយុ៤៣ឆ្នាំ លោក Patrick Zamarripa អាយុ៣២ឆ្នាំ លោក Michael Krol អាយុ៤០ឆ្នាំ លោក Michael J. Smith អាយុ៥៥ឆ្នាំ និងលោក Lorne Ahrens អាយុ៤៨ឆ្នាំ។ ដោយឡែកក្នុងចំណោមអ្នករងរបួសទាំងអស់ មានស្ត្រីម្នាក់ដែលបានរងគ្រាប់ ដើម្បីការពារកូនប្រុសទាំងបួននាក់របស់នាង ប៉ុន្តែត្រូវបានសង្គ្រោះបានទាន់ពេលវេលា បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ខ្មាន់កាំភ្លើង៖
ខ្មាន់កាំភ្លើង ដែលបើកការបាញ់ប្រហារទៅលើប៉ូលិសទាំងប្រាំនាក់ និងបង្កឲ្យមានជនរងគ្រោះផ្សេងទៀត មានឈ្មោះថា Micah Xavier Johnson។ លោកត្រូវបានប៉ូលិសសម្លាប់ដោយការបំផ្ទុះគ្រាប់បែក។ ខ្មាន់កាំភ្លើងមានអាយុ២៥ឆ្នាំ អតីតជាយោធាបម្រុងរបស់សហរដ្ឋអាមេរិក អស់រយៈពេល៦ឆ្នាំមកហើយ បន្ទាប់មកបានទៅបំពេញទស្សនកិច្ចរយៈពេល៩ខែ នៅប្រទេស អាហ្វហ្គានីស្ថាន។ ប៉ុន្តែការបំពេញទស្សនកិច្ចបានត្រឹមតែ៦ខែ ជនសង្ស័យរូបនេះ ត្រូវបាន យោធាជាស្ត្រីម្នាក់ទៀត ចោទប្រកាន់ថា បានបំពានផ្លូវភេទទៅលើនាង។ ហេតុនេះលោក Johnson ត្រូវបានគេបញ្ជូនមកប្រទេសកំណើតវិញ នេះបើយោងតាមការលើកឡើងរបស់មេធាវីផ្ទាល់របស់លោក។
លទ្ធផលនៃការស៊ើបអង្កេត៖
លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា ខ្មាន់បានធ្វើសកម្មភាពបាញ់ប្រហារតែម្នាក់ឯងតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ ប៉ូលិសស្រាវជ្រាវរកឃើញ ឧបករណ៍បំផ្ទុះគ្រាប់បែក កាំភ្លើងខ្លី អាវក្រោះនិងកាសែតមួយច្បាប់ជាមួយនឹងអត្ថបទដែលបង្ហាញពីយុទ្ធសាស្ត្រក្នុងការបាញ់ប្រហារនៅក្នុងលំនៅដ្ឋាន របស់ជនសង្ស័យ ដែលបានរស់នៅជាមួយម្តាយរបស់ខ្លួននៅតំបន់ Mesquit ក្នុងទីក្រុង ដាឡាស រដ្ឋតិចសាស។
អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងពេលបំពេញការងារជាយោធា លោក Micah Johnson ធ្លាប់ទទួលបានមេដាយកិត្តិយសជាច្រើនគ្រឿង ដោយសារស្នាដៃរបស់ខ្លួន។ មិនតែប៉ុណ្ណោះជនសង្ស័យរូបនេះ មិនធ្លាប់មានប្រវត្តិមានទំនាក់ទំនងជាមួយអំពើភេរវកម្ម ឬបទឧក្រិដ្ឋផ្សេងៗឡើយ។
ខ្មាន់កាំភ្លើងអាចមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមជ្រុលនិយមពីរក្រុម ទីមួយគឺ ក្រុមបក្សខ្លារខិនខ្មៅថ្មី និងក្រុមសម្ព័ន្ធការពារប្រជាពលរដ្ឋអាហ្វ្រិកសញ្ជាតិអាមេរិក។ ក្រុមបក្សខ្លារខិនខ្មៅថ្មី គឺជាក្រុមជនជាតិស្បែកខ្មៅ ដែលធ្វើសកម្មភាពប្រឆាំងពួកស្បែកស នេះបើយោងតាមមជ្ឈមណ្ឌលច្បាប់ក្រីក្រភាគខាងត្បូង ដែលធ្វើការ តាមដានទៅលើក្រុមជ្រុលនិយមនៅសហរដ្ឋអាមេរិក។ ដោយឡែកក្រុមសម្ព័ន្ធការពារប្រជាពលរដ្ឋ អាហ្វ្រិកសញ្ជាតិអាមេរិក មានគោលដៅប្រព្រឹត្តអំពើ ហិង្សាប្រឆាំងមន្ត្រីប៉ូលីសស្បែកស។
មូលហេតុ៖
ការប៉ះទង្គិចនេះបានកើតឡើង ខណៈដែលមនុស្សកំពុងធ្វើបាតុកម្ម ប្រឆាំងប៉ូលិសស្បែកសដែលបានបាញ់សម្លាប់បុរសស្បែកខ្មៅមួយរូប មានឈ្មោះថាលោក Alton Sterling និងលោក Philando Castile វ័យ៣២ឆ្នាំ ត្រង់ចំណុចផ្លូវ St. Paul ក្នុងរដ្ឋ Minnesota កាលពីថ្ងៃពុធកន្លងទៅនេះ ដែលសកម្មភាពនៃការ បាញ់សម្លាប់បុរសស្បែកខ្មៅនេះ ត្រូវបានថត និងបង្ហោះដោយមិត្តស្រីគេផ្ទាល់ ទៅកាន់បណ្ដាញអ៊ីនធើណេត ដែលជម្រុញឲ្យបាតុកម្មកើតឡើង ដើម្បីប្រឆាំងការរើសអើងពូជសាសន៍។ មុនការបាញ់ប្រហារគ្នា ប៉ូលិសបានចរចាជាមួយខ្មាន់កាំភ្លើងផងដែរ ប៉ុន្តែមិនទទួលបានជោគជ័យ ហេតុនេះប៉ូលិសសម្រេចបំផ្ទុះគ្រាប់បែកសម្លាប់ជនសង្ស័យតែម្តង។
មុនពេលហេតុការណ៍នេះកើតឡើង លោក Johnson បានប្រាប់ទៅកាន់មិត្តភក្តិរបស់ខ្លួនថា លោកជឿជាក់ថា ប៉ូលិសស្បែកសកំពុងធ្វើការសម្លាប់រង្គាល ជនជាតិស្បែកខ្មៅ។ មិត្តរបស់ខ្មាន់កាំភ្លើងរូបនេះបានឲ្យដឹងថា ជនសង្ស័យមានភាពមិនសប្បាយចិត្តទាល់តែសោះ។ ជនសង្ស័យលើកឡើងថា ប៉ូលិសស្បែកសមានបំណងចង់សម្លាប់ផ្តាច់ពូជជនជាតិស្បែកខ្មៅ វាជារឿងដែលមិនអាចទទួលយកបានឡើយ។ ជនសង្ស័យរូបនេះបានលើកឡើងថា លោកចង់សម្លាប់ជនជាតិស្បែកស ជាពិសេសប៉ូលិសស្បែកស។
សូមជម្រាបថា នៅក្នុងឆ្នាំ២០១៦នេះ បញ្ហារើសអើងពូជសាសន៍ នៅតែបង្កក្តីបារម្ភខ្ពស់ ព្រមទាំងត្រូវបានលើកមកដាក់ក្នុងរបៀបវីរៈ នៃកិច្ចប្រជុំនៅសហរដ្ឋអាមេរិកជានិច្ច។ កាលពីឆ្នាំ២០១៥កន្លងទៅនេះ មានមនុស្ស១០០០នាក់ ដែលត្រូវប៉ូលិសបាញ់សម្លាប់ក្នុងប្រតិបត្តិការរបស់ខ្លួន ដែលក្នុងនោះ១ភាគ៣ ជាជនជាតិស្បែកខ្មៅ បើទោះបីជាការពិតទៅជនជាតិស្បែកខ្មៅមានត្រឹមតែ១៣ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនអាមេរិក។ បញ្ហានេះ ជម្រុញឲ្យចលនាធ្វើបាតកម្មបានកើនឡើងជាលំដាប់ប្រឆាំង នឹងសកម្មភាពបាញ់ប្រហាររបស់ប៉ូលិស។ ដោយឡែកក្នុងឆ្នាំ២០១៥កន្លងទៅនេះ ប៉ូលីសប៉ុន្មានជាង១២៧នាក់ ត្រូវបានគេសម្លាប់ ក្នុងពេលបំពេញការងាររបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា បាតុកម្មប្រឆាំងការរើសអើងពូជសាសន៍ ក៏បានកើតឡើងនៅទីតាំងដទៃទៀត ក្នុងទីក្រុងជាច្រើន នៅសហរដ្ឋអាមេរិកដោយ ក្រុមសកម្មជន ស្បែកខ្មៅបានទាមទារឲ្យបញ្ចប់បញ្ហា ជៀសវៀងការបញ្ហារើសអើងជាតិសាសន៍នេះកាន់តែធ្ងន់ធ្ងរថែមទៀត។ ដោយឡែកបេក្ខជនប្រធានាធិបតីសេរីនិយម របស់សហរដ្ឋអាមេរិក លោក Gary Johnson បានបញ្ជាក់ថា ឬសគល់នៃអំពើហិង្សាដែលជម្រុញឲ្យមានការបាញ់ប្រហារ គឺបណ្តាលមកពីបញ្ហាថ្នាំញៀនទៅវិញ។
ឆ្លើយតបបញ្ហានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលុបចោលដំណើរទស្សនកិច្ចទៅក្រៅប្រទេស ដោយប្ដូរទិសដៅ ទៅកាន់ទីក្រុងដាឡា (Dallas) រដ្ឋតិចសាសវិញ បន្ទាប់ពីមានករណីបាញ់ប្រហារគ្នារវាងប៉ូលិស និងក្រុមបាតុករ ដែលកើតចេញពីតវ៉ារឿងរើសអើងពូជសាសន៍ នេះបើយោងតាម ការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦នេះ៕