(កំពង់ចាម)៖ ក្នុងពិធីសំណេះសំណាលជាមួយប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្សទូទាំងឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពីក្រុមការងារចុះមូលដ្ឋានឃុំ និងភូមិ គណបក្សមូលដ្ឋានឃុំ យុវជនបក្សឃុំ យុវជនបក្សភូមិ ប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្ស សរុបចំនួន ៥២៣នាក់ លោក ឡេង តុង អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំផ្អាវ តំណាងលោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានស្នើឱ្យប្រធានសាខាបក្សភូមិ និងក្រុមបក្សទាំងអស់ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់សមាជិកបក្សក្នុងដែនគ្រប់គ្រងរបស់ខ្លួន ដោយទំនាក់ទំនងជាមួយឃុំ ដើម្បីជួយសម្រួលដល់ការទទួលបានសេវាសាធារណៈឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោក ឡេង តុង បានពាំនាំនូវមតិផ្ញើសួរសុខទុក្ខរបស់លោក ហេង សួរ ដល់ប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្សទូទាំងឃុំផ្អាវទាំងអស់ ដែលបានចូលរួមនៅកម្មវិធីសំណេះសំណាលនេះ និងបានរំលឹកអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិពីសម័យប៉ុលពត (៧ មករា ១៩៧៩) ឱ្យមានសុខសន្តិភាព ស្តារសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ ឱ្យក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍រហូតមកទល់សព្វថ្ងៃ។ ក្រោមការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានការពារប្រទេសពីការវិលត្រឡប់នូវរបបខ្មែរក្រហម ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោក ឡេង តុង បានបញ្ជាក់ផងដែរថា ដើម្បីឈានទៅការទទួលនូវជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ ប្រធានសាខាបក្សភូមិ និងក្រុមបក្ស ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យសមាជិកបក្សទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា។

លោកអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំផ្អាវ គូសបញ្ជាក់ថា ក្រោយពីលោក ហេង សួរ បានទទួលបន្ទុកលើការងារមូលដ្ឋានឃុំផ្អាវ ដោយក្នុងនោះ បានធ្វើការកែលម្អស្នាក់ការបក្សឃុំ, កែលម្អដល់មណ្ឌលសុខភាព, ផ្តល់ការលើកទឹកចិត្តចំពោះភូមិណាដែលទទួលបានសម្លេងលើសការបោះឆ្នោតអាណត្តិមុន, សិក្សាកែលម្អដំបូលផ្សារផ្អាវ, សិក្សារកវិធីសាស្រ្តក្នុងការរំដោះទឹកចេញនៅខែវស្សា និងអាជ្ញាធរ មានភាពស្វាហាប់ក្នុងការជួយសម្រួលដល់ការងាររបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ។

ក្នុងឱកាសនោះដែរ លោក ឡេង តុង ក៏បានពាំនាំថវិការបស់លោក ហេង សួរ ចំនួន ១១,២០០,០០០រៀល សម្រាប់ឧបត្ថម្ភដល់ប្រធានក្រុមបក្សផងដែរ៕