(ភ្នំពេញ)៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងផ្តាំទៅ «អាខ្មៅ» ដែលគេដឹងយ៉ាងច្បាស់ថាសំដៅទៅបុគ្គល ប៊ុត ប៊ុនតិញ ឲ្យផ្តល់នូវភស្តុតាងដែលចោទសម្តេចថាបានផ្តល់លុយ ១០ម៉ឺនដុល្លារឲ្យលោក ជេម សុខ ឬសុខ សុគន្ធ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បុគ្គល ប៊ុត ប៊ុនតិញ សម្តេចមិនហៅវាជាព្រះសង្ឃទេ ព្រោះជាក្មេងពាល គ្រាន់តែយកស្បង់ចីពរ ទៅគ្របដណ្តប់ធ្វើជាសង្ឃតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ទៅកាន់ ប៊ុត ប៊ុនតិញ ថា ប្រសិនបើ «អាខ្មៅ» រកមិនឃើញភស្តុតាង ដែលចោទសម្តេចផ្តល់លុយ ១០ម៉ឺនដុល្លារឲ្យ ជេម សុខទេនោះ សម្តេចមុនឈប់រករឿងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការចោទសម្តេចផ្តល់លុយឱ្យលោក ជេម សុខ ពីសំណាក់ «អាខ្មៅ» គឺជាធម៌មុសា ល្មើសធម៌វិន័យមួយ ក្នុងព្រះពុទ្ធសាសនា។ តែយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានទុកផ្លូវឲ្យបុគ្គល ប៊ុត ប៊ុនតិញ ចេញមុខសុំទោសសម្តេច នោះសម្តេចនឹងលែងឈប់រករឿង។
ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប ១៥០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមផ្តាំទៅអាខ្មៅ ! អាខ្មៅសួរមកប៉ុន្មានថ្ងៃមុនេះថាតើ ពេលដែលលោក ហ៊ុន សែន ឈប់រករឿងអាត្មា ? អាខ្មៅហ្នឹងខ្ញុំមិនហៅវាជាព្រះសង្ឃទេ ព្រោះជាក្មេងពាល គ្រាន់តែយកស្បង់ចីពរទៅគ្របដណ្តប់តែប៉ុណ្ណឹង។ ឥឡូវអាខ្មៅ រកលុយ១០ម៉ឺនដុល្លារ ដែលថា ហ៊ុន សែន ឲ្យ ជេម សុខ រកឲ្យឃើញ បើកាលណារកមិនឃើញ ហ៊ុន សែន នៅតែតាមជេរអាខ្មៅ ព្រោះវាខូច។ អីចឹងសុំផ្តាំទៅ ជេម សុខ ឬសុខ សុគន្ធ ជួយទារលុយពីអាខ្មៅ ព្រោះឥឡូវយើងហៅព្រះសង្ឃថាម៉េចបើ មុសា អីចឹង។ ឥឡូវបើចេញមកសុំទោសបាន អញហៅតេជគុណ ឲ្យតែអាខ្មៅ ចេញមកសុំទោស។ កាលណាឯង មិនព្រមសារភាពរឿង ១០ម៉ឺនដុល្លារថា ហ៊ុន សែន ផ្តល់ឲ្យ ជេម សុខ ឬសុខ សុគន្ធ ទេ កុំឲ្យសង្ឃឹមថាឈប់រករឿងអាខ្មៅឯង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបផងដែរ ចំពោះការលើកឡើងរបស់ ប៊ុត ប៊ុនតិញ ថារូបគេមានរាសីខ្ពស់ជាងសម្តេចទៅទៀត, សម្តេចសង្កត់ទៅវិញថា «បើរាសីខ្ពស់ជាង ហ៊ុន សែន មិនមែនរត់ចោលស្រុកទេ អាខ្មៅ តែក៏អរគុណដែរដែលពួកលោកឯករត់ចោលស្រុក ធ្វើឲ្យស្រុកមានស្ថិរភាព មិនរញ៉េរញ៉ៃ»៕