(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចជោគជ័យស្ទើរគ្រប់រឿង តែមិនប្រកាសថា សម្តេចជាគ្រូជោគជ័យនោះឡើយ។
ពេលអញ្ជើញជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅកោះពេជ្រ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍រាល់ការចែករំលែកគំនិត និងទស្សនៈផ្សេងៗ តែមិនត្រូវឱ្យជ្រុលជ្រួសនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ក្នុងជីវិតនយោបាយរបស់ខ្ញុំ តែងតែជោគជ័យជារៀងរហូតមក តែខ្ញុំមិនទាន់ប្រកាសថា ជាគ្រូជោគជ័យទេ ហើយក៏មិនទាន់អាចទៅបង្រៀនអ្នកដទៃពីភាពជោគជ័យនោះដែរ។ […] ខ្ញុំលើកទឹកឱ្យបន្តមានការបង្ហាត់បង្រៀន បណ្តុះផ្នត់គំនិតវិជ្ជមាន និងជោគជ័យ ដល់ស្រទាប់មហាជនខ្មែរ តែក៏ត្រូវជៀសវាងនូវពាក្យពេចន៍ខ្លះៗដែលមានភាពរសើប និងបង្កបញ្ហាដល់សង្គម»។
សូមជម្រាបថា ថ្មីៗនេះមានបុគ្គលមួយចំនួន ដែលតែងខ្លួនជាគ្រូជោគជ័យ បើកសិក្ខាចែករំលែកគំនិតរបស់ពួកគេដល់មហាជន ហើយថែមទាំងបង្កឲ្យមានមតិរិះគន់ ដោយសារមានការបង្កើតប្រធានបទ «ទម្លាប់អ្នកមាន» ដោយប្រៀបធៀបវណ្ណៈសង្គម។
ក្រោយរងប្រតិកម្មពីមហាជន គ្រូជោគជ័យទាំងនោះ បានដឹងកំហុស និងប្រកាសសូមទោសជាសាធារណៈ ផងដែរ៕