(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមាន ១២១គ្រឹះស្ថានសិក្សាជាសមាជិក នៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្នុងនោះ ក៏មានការចូលរួមពីសំណាក់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសមាជិកសមាគម ប្រមាណជាង៣០០នាក់។
តាមរបាយការណ៍ លោកបណ្ឌិត លី ឆេង ប្រធានគណៈប្រតិបត្តិ បានបង្ហាញថា សមាគមមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសក្នុងការជួយពង្រឹងសេវាអប់រំ ប្រកបដោយគុណភាព រួមចំណែកអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា និងបង្កើតធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។ សមាគមបានចាប់ផ្តើមនៅឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះ មាន១២១គ្រឹះស្ថានសិក្សាជាសមាជិក និងបានដំណើរការតាមរយៈការបោះឆ្នោត ៦អាណត្តិ រួចមកហើយ។
ក្នុងឱកាសនោះ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល តំណាងសមាគមទាំងមូល បានប្រកាសសារគាំទ្រពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិ ទី៧ នៃរដ្ឋសភា និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគតផងដែរ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគមទាំងអស់ ដែលបានដឹកនាំ គ្
រប់គ្រង និងបំពេញការងាររៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យ និងមានការរីកចម្រើនជាបន្តបន្ទាប់។
ជាពិសេស សមាគមបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការធានាគុណភាពអប់រំសម្រាប់សិស្ស-និស្សិត និងបានចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកបណ្ឌិត បានបន្ថែមថា ក្នុងបរិបទនៃចរន្តសកលភាវូបនីយកម្ម កម្ពុជាមានតែខិតខំប្រឹងប្រែងក្នុងការពង្រឹងខ្លួន ដើម្បីចូលរួមប្រកួតប្រជែងដោយសេរីនៅលើទីផ្សារក្នុងពិភពលោក។ ក្នុងន័យនេះ ការធ្វើទំនើបកម្មវិស័យមូលធនមនុស្ស គឺចាំបាច់ត្រូវបន្តអនុវត្តជាប់ជាប្រចាំ ដែលក្នុងនេះ ការបន្តទំនើបកម្មវិស័យអប់រំ និងសាលារៀន គឺជាកត្តាអាទិភាពចម្បង ដោយត្រូវពិនិត្យមើលគ្រប់កត្តាពាក់ព័ន្ធ រួមមាន៖
*ទី១៖ មេរៀន
*ទី២៖ កម្មវិធីសិក្សា
*ទី៣៖ វិធីសាស្ត្របង្រៀន
*ទី៤៖ ឧបករណ៍ និងសម្ភារឧបទេស
*ទី៥៖ គ្រូបង្រៀន។
លើសពីនេះ ការបង្កើតឲ្យមានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ (Research and Development - R&D) នៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺជាកត្តាចាំបាច់សម្រាប់បម្រើដល់តម្រូវការផ្ទាល់ក្នុងការបង្រៀន និងសម្រាប់បម្រើដល់នវានុវត្តន៍របស់ប្រទេសជាតិទាំងមូល ក្នុងការបោះជំហានទៅអនាគតប្រកបដោយភាពច្នៃប្រឌិត ជាក់លាក់ និងសម្បូណ៌បែប។
ជាទីបញ្ចប់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់កិត្តិយសថតរូបអនុស្សាវរីយ៍ជាមួយ ថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នាពេលនោះផងដែរ៕