(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប ១៥០០នាក់។
លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីនាពេលនេះ ប្រព្រឹត្តទៅស្របពេលប្រជាពុទ្ធបរិស័ទទាំង៥១ប្រទេស នៃទ្វីបទាំង៥ ដែលជាសមាជិកនៃព្រះពុទ្ធសាសនាពិភពលោក កំពុង សប្បាយរីករាយត្រេកអរប្រារព្ធពិធីបុណ្យទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា នៅលើសកលលោកនាថ្ងៃនេះផងដែរ។
លោក ឈិត សុខុន បានគូសបញ្ជាក់ថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ចំពោះការលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿង ដោយរក្សាបាននូវអត្តសញ្ញាណដ៏ល្អផូរផង់របស់ជាតិ។
លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ពិធីសំណេះសំណាល ដែលបានប្រារព្ធធ្វើនាពេលនេះ កើតចេញពីលទ្ធផលនៃសុខសន្តិភាព វិបុលភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប៉ិនប្រសព្វ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានធ្វើឱ្យវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែររក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនយ៉ាងរឹងមាំ។ សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម ជាពិសេស ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមានសុខសន្តិភាព វិបុលភាព ស្ថិរភាព រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ជៀសផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។
លោករដ្ឋមន្ត្រី បានឱ្យដឹងដែរថា ក្រៅពីដំណើរការកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» និងកម្មវិធី «ទស្សនាទានព្រះពុទ្ធ-សាសនា» ហើយនោះ ក្រសួងធម្មការ និងសាសនា ក៏មានការសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិវត្តអារាមនូវទូទាំងប្រទេស និងក្បួនតម្រាផ្សេងៗ ការបោះពុម្ពសៀវភៅនានា សម្រាប់បង្រៀននៅក្នុងវិស័យពុទ្ធិកសិក្សា ការបណ្ដុះបណ្ដាលតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ព្រមទាំងសកម្មភាពនានា សុទ្ធតែជាលទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីស្មារតីនៃការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ស្ដីពីវិបត្តិអាចារ្យ ដែលជាកត្តាជំរុញឱ្យក្រសួងធម្មការ និងសាសនា យកចិត្តទុកដាក់ខ្ពស់ ខិតខំស្រាវជ្រាវ ប្រមែប្រមូលចាស់ព្រឹទ្ធាចារ្យ និងអាចារ្យដែលមានចំណេះដឹង ចងចាំច្បាស់លាស់នូវពុទ្ធសាសនពិធី និងប្រពៃណីទំនៀមទម្លាប់ បទពិសោធន៍ជ្រៅជ្រះ ដើម្បីបណ្ដុះបណ្ដាលតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ។
ការបណ្តុះបណ្តាលនេះ ដើម្បីបំពេញសមត្ថភាព ក្រមសីលធម៌ និងតម្រង់ទិសបន្ថែមដល់អាចារ្យ-អាចារិនីឱ្យកាន់តែមានចំណេះដឹងទូលំទូលាយ និងបង្កលក្ខណៈងាយស្រួលក្នុងការយកទៅអនុវត្ត ស្របទៅនឹងក្បួនច្បាប់ដែលបានកំណត់ទុកពីបុរាណ ឱ្យមានការឯកភាពគ្នាក្នុងការប្រតិបត្តិ ពីតំបន់មួយទៅតំបន់មួយនៅទូទាំងប្រទេស។
បច្ចុប្បន្ននេះ ក្រសួងបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរបានចំនួន ៤០វគ្គ រួចមកហើយ និងមានសិក្ខាកាមជាអាចារ្យ-អាចារិនី ចូលមកសិក្សាចំនួន ១១,៥៧៣រូប ក្នុងនោះព្រះសង្ឃ ៧៤៦អង្គ ស្រ្តី ១៦៣រូប ហើយកំពុងតែអនុវត្តតាមតួនាទីភារកិច្ច និងក្រមសីលធម៌ដែលក្រសួង បានបណ្តុះបណ្តាល និងតម្រង់ទិសនាពេលកន្លងមក។
បើតាមលោក ឈិត សុខុន ការបើកវគ្គនេះ នៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទនៅឡើយ ទើបតម្រូវឱ្យក្រសួងបើកវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ទៀត។ ជាលទ្ធផល ក្រោយពីការបើកវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានសង្កេតឃើញថា សិក្ខាកាមទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនរួមមាន ចំណេះដឹង បទពិសោធល្អៗពីឧទ្ទេសាចារ្យ ឯកសារក្បួនច្បាប់ច្បាស់លាស់ ត្រឹមត្រូវ សម្រាប់យកទៅប្រតិបត្តិ និងផ្សព្វផ្សាយបន្ត ទទួលបានបទពិសោធរវាងសិក្ខាកាម និងសិក្ខាកាម ស្គាល់គ្នាពីតំបន់មួយទៅតំបន់មួយ ផ្លាស់ប្ដូរមតិយោបល់ និងឯកភាពគ្នាលើការដឹកនាំពុទ្ធសាសនពិធីនានា ពិធីមង្គលផ្សេងៗ បានដោះស្រាយនូវចម្ងល់ដែលមានលក្ខណៈផ្សេងៗគ្នាតាមតំបន់នីមួយៗ ពង្រឹងការប្រណិប័តន៍ឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន ចងក្រងជាសមាគមអាចារ្យខ្មែរ រួបរួមគ្នាបង្កើតនូវសាមគ្គីធម៌ រក្សាបានសុខដុមនីយកម្មសាសនា ប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិ គាំទ្រការពារយ៉ាងពេញទំហឹងនូវសុខសន្តិភាព។
លោករដ្ឋមន្ត្រីបន្តថា ក្រោយពីបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវកម្រងឯកសារនានាទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់របស់ជាតិ សង្កេតឃើញថា រាល់ការប្រារព្ធពិធីកម្មសាសនា និងពិធីមង្គលផ្សេងៗ មានការកែលម្អពីសំណាក់អាចារ្យ អាចារិនី និងពុទ្ធបរិស័ទទូទាំងប្រទេសបានយ៉ាងល្អប្រសើរ។
លើសពីនេះទៅទៀត សិក្ខាកាមជាអាចារ្យ-អាចារិនីទាំងអស់ ដែលបានសិក្សាចប់វគ្គបណ្តុះបណ្តាលនីមួយៗ តែងតែបានសម្ដែងកត្តញ្ញុតាធម៌ ដឹងគុណូបការៈដ៏ថ្លៃថ្លាពុំអាចកាត់ថ្លៃបានចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានយកចិត្តទុកដាក់លើកកម្ពស់ចំណេះដឹងដល់អាចារ្យ-អាចារិនីឱ្យកាន់តែមានតួនាទីសំខាន់ឡើងក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ៕