(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់ឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នៅក្នុងប្រជុំនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ដោតសំខាន់លើការដាក់ចេញនូវផែនការការពារសំខាន់ៗចំនួន៣ ដែលនឹងធ្វើឡើងនៅពេលខាងមុខនេះ។
ឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ថា សម្រាប់ព្រឹត្តិការណ៍សំខាន់ទាំង៣នេះរួមមាន៖
ទី១៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ
ទី២៖ ផែនការការពារនៅក្នុងឱកាសការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ការប្រកួតកីឡាអាស៊ានប៉ារ៉ាស៊ីហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
និងទី៣៖ គឺកិច្ចការការពារនៅក្នុងឱកាសឃោសនាបោះឆ្នោត, ការបោះឆ្នោត, ការរាប់សន្លឹកឆ្នោត ក៏ដូចជាការប្រកាសលទ្ធផលនៃការបោះឆ្នោត នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ឧត្តមសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា សម្រាប់ផែនការទាក់ទងទៅនឹងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ស្នងការដ្ឋាននគរបាលភ្នំពេញ ឧត្ដមសេនីយ៍ ស ថេត បានដាក់ចេញនូវផែនការច្បាស់លាស់ដោយមានការទទួលខុសត្រូវផ្ទាល់របស់លោក លោកស្រីស្នងការរង នាយការិយាល័យ អធិការខណ្ឌ និងប៉ុស្តិ៍នគរបាលទាំង១០៥ ដោយមានការបែងចែកតួនាទីភារកិច្ច និងការប្រចាំងការច្បាស់លាស់។
ឧត្តមសេនីយ៍ឯក សាន សុខសីហា បន្តថា ទាក់ទងទៅនឹងកម្លាំងអន្តរាគមន៍ និងកម្លាំងអគ្គិភ័យ គឺជំនាញទាំងពីរនេះ ត្រូវតែធ្វើការប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីត្រៀមក្នុងការចេញបង្ក្រាប ឬក៏សង្គ្រោះក្នុងករណីមានបទល្មើស ឬក៏ករណីអគ្គីភ័យផ្សេងៗកើតមានឡើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។
ហើយទាក់ទងនឹងកម្លាំងជំនាញផ្សេងៗ គឺត្រូវធ្វើការចេញល្បាតជាប្រចាំ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់បទល្មើសកុំឱ្យមានការកើតឡើង ស្របពេលដែលបងប្អូនប្រជាពលរដ្ឋភាគច្រើន គាត់ជាចេញទៅតាមបណ្ដាខេត្ត ទៅតាមបណ្ដាស្រុកកំណើត ឬក៏ទៅដើរកម្សាន្តផ្សេង២ទៀតទៅក្រៅប្រទេស។ល។ និង។ល។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានឱ្យដឹងថា មួយវិញទៀតទាក់ទងទៅនឹងកម្លាំងចរាចរណ៍ និងសណ្ដាប់ធ្នាប់នេះ គឺជាកម្លាំងស្នូលក្នុងការធ្វើការសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋចេញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាច្រកចេញ ចូលទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីកុំឱ្យមានការកកស្ទះហើយងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញ ចូល។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា សម្រាប់ផែនការនៃការការពារការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាស៊ីហ្គេមលើក១២នេះ ស្នងការដ្ឋាននគរបាល បានការរៀបចំដាក់ចេញនូវផែនការរួចរាល់ហើយដែរ គឺក្នុងឱកាសការប្រកួតនេះដែល រាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះស្នងការដ្ឋាននគរបាលភ្នំពេញគេប្រើប្រាស់កម្លាំងសរុបជារួមប្រហែលជា៤ពាន់នាក់ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមកន្លែងប្រកួត នៅទីកន្លែងស្នាក់នៅ ក៏ដូចជាកន្លែងកម្សាន្ត ឬក៏រមណីយដ្ឋាននានា ដែលគណៈប្រតិភូកីឡាករកីឡាការិនី ឬក៏ភ្ញៀវជាតិអន្តរជាតិ ដែលអញ្ជើញមកទស្សនាហ្នឹងគាត់ទៅលេងកម្សាន្ត។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា មួយវិញទៀតដែរ គឺទាក់ទងទៅនឹងការប្រើប្រាស់កម្លាំងសម្រួលចរាចរណ៍ផ្នែកនេះគេពិតជាសំខាន់ពីព្រោះថាគណៈប្រតិភូកីឡាករ កីឡាការិនីមកពី ១១ប្រទេសក៏ច្រើន ភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកទស្សនាកីឡាប្រកួតនេះក៏អាចមានច្រើន ដូច្នេះការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់នេះ គឺជាការងារស្នូលដែលត្រូវតែខិតខំធ្វើការសហការគ្នា ធ្វើម៉េចសម្រួលចរាចរណ៍ដើម្បីកុំឱ្យមានការកកស្ទះនៅពេលដែលការប្រកួតក៏ដូចជានៅពេលដែលបងប្អូនប្រជាពលរដ្ឋចេញទៅកម្សាន្ត ឬក៏ទស្សនាក្នុងការប្រកួតនេះ។
ចំណុចចុងក្រោយ ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើការណែនាំដល់លោក លោកស្រីស្នងការរង ឱ្យត្រៀមរៀបចំផែនការទាក់ទងនឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងក្នុងឱកាសបោះឆ្នោតក្នុងខែកក្កដាថ្ងៃទី២៣ខាងមុខនេះ ត្រូវមានផែនការច្បាស់លាស់ក្នុងការការពារដល់យុទ្ធនាការនៃការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ដូច្នេះ ត្រូវធ្វើម៉េចធានាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អបំផុតក្នុងឱកាសនេះ៕