(ភ្នំពេញ)៖ បន្ទាប់ពីបានផ្ទុះការចែករំលែកនូវព័ត៌មាននាយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីគ្រោះថ្នាក់ចរាចរណ៍មួយនៅខណ្ឌសែនសុខ ដោយមានបុរសម្នាក់បានយកឈ្មោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រើនោះ នៅថ្ងៃទី៧ ខែមេសា បុគ្គលរូបនេះត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហៅចូលបំភ្លឺ និងបានឲ្យចេញវីដេអូសុំទោសជាសាធារណៈហើយ។

តាមការបំភ្លឺរបស់បុគ្គលខាងលើ រូបគេមានឈ្មោះថា ពន្លក ហៅបារាំង ជាម្ចាស់ភោជនីយដ្ឋាន ឋានសួគ៌ក្រោមមេឃ។ បុគ្គលរូបនេះ បានលើកឡើងថា រូបខ្លួនមិនធ្លាប់ស្គាល់ និងមិនធ្លាប់ជួបលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង នោះទេ គ្រាន់តែដឹងថា លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ជាបុគ្គលមួយដែលល្បី ដែលជួយប្រជាជនច្រើនបង្ក្រាបឧក្រិដ្ឋជនធំៗ ទើបខ្លួននឹកឃើញលើកឈ្មោះ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មកនិយាយ ដើម្បីឲ្យរឿងគ្រោះថ្នាក់ចរាចរណ៍នេះឆាប់បានបញ្ចប់ កុំឲ្យវែងឆ្ងាយ ក្លាយជាការជ្រុលជ្រោះនិយាយប៉ះពាល់ដល់កិត្តិយសលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ដែលមានអាយុអាចស្មើនឹងឪពុកខ្លួន ហើយខ្លួនក៏បានធ្វើការសុំអភ័យទោសពីលោកផងដែរ។

បុគ្គលរូបនេះ បានបញ្ជាក់បន្ថែមថា ជាក់ស្តែងរឿងរបស់មិត្តភ័ក្តិគាត់ គឺបានបញ្ចប់នៅយប់ថ្ងៃទី៥ ខែមេសា រួចទៅហើយ ដោយមនោសញ្ចេតនាយោគយល់គ្នា ក្នុងនោះក្រុមខ្លួន បានផ្តល់ទឹកប្រាក់២០ដុល្លារ ឲ្យទៅភាគីខាងម៉ូតូ ដើម្បីទុកទិញថ្នាំលេប និងបានឲ្យលេខទូរស័ព្ទ ទុកសម្រាប់ទាក់ទងគ្នាផងដែរ ហើយព្រឹកឡើង ភាគីខាងម៉ូតូ បានយកម៉ូតូទៅធ្វើ អស់១៤០ដុល្លារ ក្រុមខ្លួនក៏បានផ្តល់ជូនប្រាក់បន្ថែមមួយចំនួនទៀត ពេលនោះភាគីខាងម៉ូតូក៏បានធ្វើការអរគុណក្រុមខ្លួន ទាំងសប្បាយចិត្ត ស្រាប់តែរំលងបានមួយថ្ងៃ បែរជារឿងនេះក៏បានផ្ទុះខ្លាំងឡើងវិញ។ ហើយខ្លួនក៏បានសារភាពទទួលកំហុស ធ្វើការសុំទោសលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាងផងដែរ៕