(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល បានរៀបចំយុទ្ធនាការស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបរិយាបន្ន”។

យុទ្ធនាការនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងមានចូលរួមពី អគ្គស្នងការរាជធានីភ្នំពេញ មន្ត្រី ក្រុមប្រតិបត្តិថ្នាក់កណ្តាល និងសាខារាជធានីភ្នំពេញ អនុសាខាខណ្ឌដង្កោនិងពោធិ៍សែនជ័យ អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា អ្នកបើកបរកង់បីនិងស៊ីក្លូ សរុប ៩៩នាក់ ចុះទៅអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នៅ២គោលដៅផ្សេងគ្នាៗក្នុងរាជធានីភ្នំពេញ (គោលដៅទី១ ផ្សារព្រែកជ្រៃ ក្នុងសង្កាត់ដង្កោ និងគោលដៅទី២នៅ មុខផ្សារជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ។

ក្នុងឱកាសនោះដែរ លោកអគ្គលេខាធិការរងទី២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះការចូលរួមក្នុងយុទ្ធនាការនេះ។

លោកអគ្គលេខាធិការរងទី២បន្តទៀតថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ដែលបានបិទបញ្ចប់ការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងចំនួន ២,៩៧៦ករណី ដោយបានបណ្ដាលឲ្យអ្នកស្លាប់មានចំនួន ១,៧០៩នាក់ និងរងរបួសជាង ៤ពាន់នាក់។ មូលហេតុដែលធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺ បើកបរលើសល្បឿន៣៩% មិនគោរពសិទ្ធិអាទិភាព២៤% មិនប្រកាន់ស្តាំ១១% បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់១០% បត់ឆ្វេង-ស្តាំងមិនប្រុងប្រយ័ត្ន៩% បើកបរក្នុងស្ថានភាពស្រវឹង៤% និងបើកបរក្នុងស្ថានភាពងងុយ១%។

លោកបានបន្ថែមទៀតថា “ថ្ងៃនេះ កាកបាទក្រហមកម្ពុជា បានប្រារព្ធយុទ្ធនាការសុវត្ថិភាពចរាចរណ៍នេះឡើង ដើម្បីឱ្យក្មួយៗយុវជនបានចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវសាធារណៈឱ្យយល់ដឹងពីច្បាប់ចរាចរណ៍គោក ក្រមសីសធម៌ក្នុងការប្រើប្រាស់ផ្លូវ កត្តាគួរធ្វើនិងកត្តាមិនគួរធ្វើពេលបើកបរ ដើម្បីបង្ការ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរពីឃាតករលាក់មុខ១នេះ ព្រោះយើងទាំងអស់គ្នាបានដឹងហើយថាគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ប្រជាពលរដ្ឋខ្មែរយើងជាច្រើនពាន់នាក់ក្នុង១ឆ្នាំៗ និងបន្សល់ទុកស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនមានពិការភាពជាច្រើនពាន់នាក់ផ្សេងទៀត”។

ជាមួយគ្នានេះដែរក្នុងយុទ្ធនាការនេះ ក៏មានរៀបចំ សំណួរចម្លើយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ការដាក់ពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តអំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ និងចែកខិតប័ណ្ណយល់ដឹងពីសុវត្ថិភាពចរាចរណ៍ យល់ដឹងពីពិការភាព ព្រមទាំងបិទចំណាំងផ្លាតនៅតាមម៉ូតូ រម៉កកង់បី ដែលធ្វើដំណើរឆ្លងកាត់ពិធីជាច្រើនរយគ្រឿង។ ប្រជាពលរដ្ឋ៤០នាក់ទទួលមួកសុវត្ថិភាព និង៤៦០នាក់ផ្សេងទៀតទទួលបានរង្វាន់លើកទឹកចិត្តពីការឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ការពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តអំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ ដោយយុវជនកាកបាទក្រហមកម្ពុជា៕