(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ត្រូវជាថ្ងៃទីប្រាំបី និងជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន ៥ គឺក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
តាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តពាក់ព័ន្ធឃើញថាគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពជួបប្រជុំជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត អង្គបោះឆ្នោត និងសមាជិកគណបក្សនៅក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមាណ ១៩៤នាក់) ក្រុងសំពៅពូន (អ្នកចូលរួមប្រមាណ ១២៧នាក់) ក្រុងឧដុង្គម៉ែជ័យ (អ្នកចូលរួមប្រមាណ ៥៧នាក់) និងស្រុកសាមគ្គីមុនីជ័យ (អ្នកចូលរួមប្រមាណ ៨៩នាក់) ហើយនៅស្រុកអូរគ្រៀងសែនជ័យ គណបក្សពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេ។
រីឯគណបក្ស ភ្លើងទៀន បានធ្វើសកម្មភាពជួបប្រជុំនៅក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមាណ ១៥នាក់) ហើយនៅក្រុងសំពៅពូន ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ និងស្រុកអូរគ្រៀងសែនជ័យ គណបក្សពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេ។ ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច ពុំបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេ។
សូមរំលឹកជូនថា ថ្ងៃស្អែកទី៨ ខែមេសា ឆ្នាំ២០២៣ គឺជាថ្ងៃស។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ត្រូវបញ្ឈប់ក្នុងរយៈពេល ២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត៕