(ពោធិ៍សាត់)៖ ក្រសួងបរិស្ថាន និងអង្គការធ្វើការផ្នែកអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសរួមស្តីពីយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់។

យុទ្ធនាការអន្ទ្រាក់សូន្យដំណាក់កាលទី២ ដឹកនាំដោយក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយអង្គការដៃគូអភិរក្សជាច្រើនដូចជា Wildlife Alliance, WWF, USAID, Wild Earth Allies, Conservation International, Angkor Center for Conservation of Biodiversity, Maddox Jolie-Pitt Foundation, Wildlife Conservation Society, NatureLife Cambodia, Fauna and Flora International និង RECOFTC។ ខេត្គគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលរៀបចំឡើងដោយមានការសហការពីរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្ត។

យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថានក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ដែលបានបញ្ចប់ដោយជោគជ័យនៅដំណាក់កាលទី១ ប្រព្រឹត្តឡើងក្នុងឆ្នាំ២០២២។ យុទ្ធនាការនេះបានបន្តដំណើររដល់ដំណាក់កាលទី២ ដែលបានចាប់ផ្តើមធ្វើមុនគេក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។

គោលបំណងដ៏សំខាន់នៃយុទ្ធនាការនេះគឺ «អន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិទាំងអស់» ជាមួយលទ្ធផលដែលបានរំពឹងទុកដូចជា ៖
*ការពិនិត្យនិងអនុម័ត្តមាត្រាច្បាប់ដែលទាក់ទងការគ្រប់គ្រង ការដាក់អន្ទាក់ និងការបណ្តើរឆ្កែក្នុងតំបន់ការពារធម្មជាតិ ។
*ការបង្កើតអង្គភាពចល័តអនុវត្តច្បាប់ចម្រុះនៅតាមខេត្តដើម្បីត្រួតពិនិត្យនិងបង្រ្កាបការជួញដូរសត្វព្រៃខុសច្បាប់នៅតាមទីផ្សារ និងកន្លែងសំខាន់ៗក្នុងខេត្ត។
*ការអនុម័តវិធានការបង្ការណែនាំអំពីហានិភ័យសុខភាពសាធារណៈដែលទាក់ទងនឹងការជួញដូរសត្វព្រៃដែលមានចែងដោយអង្គការសុខភាពពិភពលោកក្នុងខែមេសា ឆ្នាំ ២០២១។
*ការចូលរួមពីសាធារណៈក្នុងការបញ្ឈប់ការបរិភោគសាច់សត្វព្រៃ តាមរយៈការផ្លាស់ប្តូរឥរិយាបទនិងទំលាបនៃការរស់នៅ៕