(កោះកុង)៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់នៅគ្រឿងឧបរិភោគបរិភោគ រួមទាំងថវិកាមួយចំនួន ជូនដល់មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោក៨២៧ កម្ពុជា-ថៃ ស្ថិតនៅភូមិសាស្រ្តស្រុកមណ្ឌលសីមា។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ បានលើកឡើងថា សន្តិភាព ភាពរីកចម្រើនលើគ្រប់វិស័យ គឺបានមកការខិតខំប្រឹងប្រែង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីផ្តល់សន្តិភាព សេរីភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា បើប្រទេសជាតិមានសន្តិភាពហើយ ដូច្នេះបំពេញកាតព្វកិច្ចរួមគ្នា ការពារសន្តិភាពឲ្យនៅឋិតថេររហូត កុំឲ្យបាត់បង់ពីព្រោះប្រទេសកម្ពុជា បានឆ្លងកាត់សង្រ្គាមរាប់ឆ្នាំមកហើយ សង្រ្គាមនេះហើយដែលធ្វើឲ្យបាត់បង់នៅអ្វីៗគ្រប់បែបយ៉ាងបែកបាក់ក្រុមគ្រួសារសាច់ញ្ញាតិ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ក្នុងនាមយើងជាកងកម្លាំងការពារមាតុប្រទេស ការពារសន្តិភាព ការពារប្រជាពលរដ្ឋ យើងត្រូវមានជំហរដ៏រឹងមាំបំពេញកាតព្វកិច្ច មានក្រមសីលធម៌ គោរពវិន័យ ចេះសាមគ្គីគ្នាជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេលពួកគាត់ជួបបញ្ហា ដោយមិនគិតនិន្នាការនយោបាយណាមួយឡើយ។

ក្នុងនោះ លោកបានកោតសសើរ ដល់កងកម្លាំងនគរបាលឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ការពារខ្សែបន្ទាត់ព្រំដែនមិនឲ្យសត្រូវចូលមករំលោភ អធិបតេយ្យភាពទឹកដីបាន ហើយធ្វើការទប់ស្កាត់រាល់បទល្មើសមិនឲ្យមានកើតឡើងបានឡើយ៕