(រតនគិរី)៖ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តដឹកនាំ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿនអភិបាលខេត្ត និងលោកស្រី នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បាននិមន្តព្រះសង្ឃចំនួន៧អង្គ សូត្រមន្តប្រោះព្រហ្មលើករាសី សុំសេចក្តីសុខ ចំរុងចម្រើន ពីទេវតាឆ្នាំថ្មី និងសឮមឲ្យចាំជួយថែរក្សាបីបាច់ និងសម្តែងរបាំត្រុដិ បណ្តេញឧបទ្រពចង្រៃ ទាំងឡាយទាំងពួង សូមឲ្យគ្រប់សកម្មភាពការងារ និងរបរទទួលទានទាំងឡាយបានទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ។

ក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានធ្វើការសំណេះសំណាល សាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តទាំងអស់ ក្នុងឱកាសឆ្នាំថ្មី សូមឲ្យទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ ជួបតែសេចក្តីសុខ ក្សេមក្សាន្ត និងសហការប្រកៀកស្មាគ្នា ដើម្បីការងាររួម នៅក្នុងអង្គភាពដើម្បីភាពរីកចម្រើន និងឧបត្ថម្ភក្នុងម្នាក់ ចំនួន១០ម៉ឺនរៀល។

បន្ថែមលើនេះទៀត លោក ញ៉ែម សំអឿន បាននាំដំណឹងល្អជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរីទាំងមូល ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីសម្តេចត្រឡប់មកពីប្រជុំគណៈកម្មាធិការទន្លេមេគង្គ នៅទីក្រុងវៀងច័ន្ទប្រទេសឡាវវិញ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសម្តេចតេជោ មានប្រសាសន៍ថា ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានការបើកច្រកទ្វារអន្តរជាតិមុំបី (កន្ទុយនាគ)។

ក្នុងនាមរដ្ឋបាលខេត្ត, ក្រុមប្រឹក្សាខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរីទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕