(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ អត្រាមរណភាពទារកទើបនឹងកើតបានធ្លាក់ចុះយ៉ាងឆាប់រហ័ស គឺពី ៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១០០០ កំណើតរស់។
ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលា ពិនិត្យលទ្ធផលនៃការអនុវត្ដផែនទីចង្អុលផ្លូវ សម្រាប់ពន្លឿនការកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារក ២០១៦-២០២០ និងពិធីអបអរសាទរខួបលើកទី៧៥ឆ្នាំ របស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ នាសណ្ឋាគារភ្នំពេញ។
លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល «ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ អត្រាមរណភាពទារកទើបនឹងកើត ធ្លាក់ចុះយ៉ាងឆាប់រហ័ស ពី៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១០០០ កំណើតរស់ ចំពោះអត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំ ក៏បានធ្លាក់ចុះយ៉ាងឆាប់រហ័សដែរ គឺពី ១២៤នាក់ មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០ កំណើតរស់។ អត្រានេះរាប់បញ្ចូលទាំងការថយចុះជាង ៥០% នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២១-២០២២ ដែលអត្រាថយចុះនេះលឿនជាងចំនួនមធ្យមភាគជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់កម្ពុជា រហូតដល់ប្រាំបីឆ្នាំ មុនកាលបរិច្ឆេទកំណត់»។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានយកចិត្ដទុកដាក់យ៉ាងខ្លាំងលើសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល។
«ជាពិសេសសម្ដេច បានឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រដែលមាន៣ដំណាក់កាល គឺដំណាក់កាលទី១ ឧបត្ថម្ភ៤លើក ក្នុង១លើក ៤ម៉ឺនរៀល នៅពេលស្រ្តីមានផ្ទៃពោះទៅទទួលយកសេវាពិនិត្យផ្ទៃពោះ នៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ, ដំណាក់កាលទី២ ឧបត្ថម្ភ២០ម៉ឺនរៀល នៅពេលសម្រាលកូននៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ និងដំណាក់កាលទី៣ ឧបត្ថម្ភ១០លើក ក្នុង១លើក ៤ម៉ឺនរៀល នៅពេលស្រ្តីជាម្តាយនាំទារកទៅទទួលថ្នាំបង្ការ ឬសេវាគាំពាររហូតដល់កុមារមានអាយុ២ឆ្នាំ ហើយនឹងតំឡើងថវិកាជូនបន្ថែមទៀតនៅពេលខាងមុខ ដើម្បីជួយដល់អាហារូបត្ថម្ភផង និងជំរុញដល់មាតា និងទារក ឱ្យទៅទទួលសេវាតាមដានសុខភាពឱ្យបានត្រឹមត្រូវ និងចាក់ថ្នាំបង្ការដល់កុមារយើងឱ្យគ្រប់ចំនួន ១១មុខផង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រី។
ក្នុងឱកាសនោះលោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានជំរុញដល់មន្ដ្រីពាក់ព័ន្ធ រួមគ្នាពន្លឿនការរៀបចំប្រព័ន្ធឌីជីថល តាមដានសុខភាពទារកទើបនឹងមានកំណើតមក រហូតដល់ធំ។ ការបង្កើតប្រព័ន្ធតាមដានសុខភាពទារកតាមបែបឌីជីថលនេះ នឹងចូលរួមចំណែកលើកកម្ពស់សុខភាពទារក និងកាត់បន្ថយអត្រាមរណភាពរបស់ទារក និងកុមារនៅកម្ពុជាផងដែរ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី ក៏អំពាវនាវដល់អង្គការសុខភាពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្ដជួយបន្ថែមទៀត ទាំងធនធាន ទាំងស្មារតី ទាំងបច្ចេកវិទ្យាថ្មីៗ លើការងារសុខភាពបន្ដពូជ មាតា ទារក កុមារ និងសុខភាពយុវវ័យ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីភាព៕