(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «លិខិតបទដ្ឋានគតិយុត្ត ស្តីពីការធានារ៉ាប់រង» ក្រោមអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃ ន.ធ.ក. និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាតំណាងមកពីមន្ទីរ/ស្ថាប័ននានា ក្នុងខេត្តព្រះសីហនុ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង និងសិស្សានុសិស្ស សរុបប្រមាណ១៥០រូប។

សិក្ខាសាលាផ្សព្វផ្សាយ «លិខិតបទដ្ឋានគតិយុត្ត ស្តីពីការធានារ៉ាប់រង» ត្រូវបានរៀបចំឡើងក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងជូនដល់មន្រ្តីរាជការ និងសាធារណជន អំពីរចនាសម្ព័ន្ធ តួនាទីរបស់ ន.ធ.ក. ព្រមទាំងខ្លឹមសារ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីការធានារ៉ាប់រង ក្នុងគោលដៅលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីការធានារ៉ាប់រង ប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព។

សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងបានវាយតម្លៃខ្ពស់លើអត្ថប្រយោជន៍ នៃការធានារ៉ាប់រង ព្រមទាំងបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើខ្លឹមសារ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីការធានារ៉ាប់រង ជាពិសេសតួនាទីក្នុងការផ្សះផ្សាវិវាទធានារ៉ាប់រងរបស់ ន.ធ.ក. ដែលសបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់ លើការការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង ក៏ដូចជាការពង្រឹងទំនុកចិត្តលើវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាទាំងមូល។

ជាចុងបញ្ចប់ សិក្ខាកាមទាំងអស់បានចូលរួមសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. និងប្ដេជ្ញាចូលរួមលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីការធានារ៉ាប់រង ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព និងនិរន្តរភាព៕