(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋចូលរួមទប់ស្កាត់ និងកាត់បន្ថយអត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសឱ្យមកនៅកម្រិតទាបបំផុត។
យោងតាមលទ្ធផលកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ត្រូវជំរុញការផ្សព្វផ្សាយ និងបញ្ជ្រាបខ្លឹមសារអប់រំពាក់ ព័ន្ធ នឹងសុវត្ថិភាពចរាចរណ៍ឱ្យបានទូលំទូលាយ និងតាមវេទិកាសាធារណៈនានា ពិសេស ការអនុវត្តសុវត្ថិភាពចរាចរណ៍នៅក្នុងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ គណៈរដ្ឋមន្ត្រី ក៏បានអនុម័តលើសេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។
សេចក្តីព្រាងផែនការជាតិនេះ គឺជាផែនការជាតិលើកទី២ បន្តពីផែនការជាតិលើកទី១ ឆ្នាំ២០១១-២០២០ ដែលបានអនុវត្តកន្លងមក ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដែលបានសម្របសម្រួលទៅតាមផែនការសកម្មភាពសកលរបស់អង្គការសហប្រជាជាតិ ផ្អែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្លើយតបនឹងការវិវឌ្ឍជឿនលឿនរបស់ជាតិលើគ្រប់វិស័យ ពិសេសវិស័យពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោក។
បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែបន្តកើតមាន និងជាបញ្ហាដែលរាជរដ្ឋាភិបាល ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយបន្ថែមទៀត។ ក្នុងន័យនេះ សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយនូវចំនួនអ្នកស្លាប់និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបាន៥០%នៅឆ្នាំ២០៣០ ដោយផ្ដោតលើគោលដៅសំខាន់ៗចំនួន២ គឺទីមួយ កាត់បន្ថយចំនួនអ្នកស្លាប់និងអ្នករបួសតាមកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងទីពីរបង្កើនប្រសិទ្ធភាពការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយមានសសរស្តម្ភចំនួន៦។ សសរស្តម្ភទាំង៦នោះ រួមមាន៖
១៖ ពង្រឹងយន្តការគ្រប់គ្រងនិងដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក
២៖ ពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
៣៖ ពង្រឹងការអប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤៖ ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់
៥៖ ពង្រឹងប្រសិទ្ធភាពនៃសេវាសង្គ្រោះបឋមនិងសង្គ្រោះបន្ទាន់
៦៖ ពង្រឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ត។
សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ត្រូវបានរៀបចំជា៧ផ្នែក និងមានឧបសម្ព័ន្ធចំនួន៣៕