(ភ្នំពេញ)៖ លោក លីម ដឺលុច អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អមដំណើរដោយលោក ស៊ុន វុទ្ធី នាយកសាលាជាតិពន្ធដារ, លោក សូត្រ សារេត អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងកញ្ញា ម៉ែន ម៉ានី នាយករងសាលាជាតិពន្ធដារ បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីសិក្សាស្វែងយល់អំពីការគ្រប់គ្រង និងការរៀបចំអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ របស់រដ្ឋបាលសារពើពន្ធ នៃប្រទេសម៉ាឡេស៊ី។

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ក្នុងដំណើរនៃទស្សនកិច្ចសិក្សានោះថ្នាក់ដឹកនាំរដ្ឋបាលសារពើពន្ធ នៃប្រទេសម៉ាឡេស៊ី បានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ជូនគណៈប្រតិភូនៃប្រទេសកម្ពុជា អំពីលិខិតបទដ្ឋានគតិយុត្ត ការស្នើសុំ ការបន្តសុពលភាព ក្រមសីលធម៌ ការធ្វើបច្ចុប្បន្នភាពចំណេះដឹង និងប្រព័ន្ធគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ។

ឆ្លៀតក្នុងឱកាសនោះ លោក លីម ដឺលុច ប្រធានគណៈប្រតិភូនៃប្រទេសកម្ពុជា ក៏បានចែករំលែកបទពិសោធន៍ នៃកំណែទម្រង់របស់កម្ពុជាក្នុងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ជាពិសេស ការផ្តល់សេវាជូនដល់អ្នកជាប់ពន្ធ (Call Center, LiveChat, Facebook live, GDT News, Telegram Channel,…) ព្រមទាំងកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ជាពិសេសចែករំលែកនូវការគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ ដែលបាននឹងកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

ជារួម ភាគីនៃប្រទេសទាំងពីរ បានជជែកពិភាក្សាផ្លាស់ប្តូរគំនិតយោបល់ និងទស្សនទានផ្សេងៗជាច្រើន ពាក់ព័ន្ធនឹងការគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ និងការរៀបចំអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ ដើម្បីបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ជាកិច្ចបញ្ចប់ ក្នុងដំណើរបេសកកម្មរបស់គណៈប្រតិភូ នៃអគ្គនាយកដ្ឋានពន្ធដារដឹកនាំដោយលោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ចប់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយនឹងការទទួលបាននូវចំណេះដឹង គំនិតច្នៃប្រឌិតថ្មីៗ បទពិសោធន៍ សម្រាប់ជាមូលដ្ឋានក្នុងការគ្រប់គ្រង និងរៀបចំប្រព័ន្ធគ្រប់គ្រងភ្នាក់ងារសេវាកម្មពន្ធដារ ឲ្យកាន់តែប្រសើរឡើង៕