(កណ្តាល)៖ គិតរហូតដល់ម៉ោង៦៖៥០ល្ងាច ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦នេះ អគ្គិភ័យនៅឃ្លាំងស្តុកអេតចាយ នៅស្រុកស្អាង ខេត្តកណ្តាល នៅកំពុងបន្តឆាបឆេះនៅឡើយទេ។ នេះបើតាមសេចក្តីរាយការណ៍ចុងក្រោយពីកន្លែងកើតហេតុ។
នៅមុននេះ មានការរាយការណ៍ថា អគ្គិភ័យនេះប្រុងរលត់ហើយ ដោយសារតែគេឃើញភ្លើងឆេះបានថមថយច្រើន ប៉ុន្តែក្រោយមកអគ្គិភ័យក៏មានអណ្តាតភ្លើងឡើងវិញ ភ្លាមៗនោះសមត្ថកិច្ចក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យបន្ថែមទៀត។
យោងតាមរបាយការណ៍ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យនេះ យ៉ាងហោចណាស់សមត្ថកិច្ចប្រើប្រាស់រថយន្តអស់៣០គ្រឿង។
សូមជំរាបថា មន្រ្តីជាន់ខ្ពស់អគ្គិសនីកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់ឲ្យដឹងថា ខ្សែបញ្ជូនចរន្តអគ្គិសនីកម្លាំងមធ្យម (កម្លាំង២២) មួយចំនួន ត្រូវបានខូចខាត បន្ទាប់ពីភ្លើងឆេះឃ្លាំងស្តុកអេតចាយ នៅស្រុកស្អាង ខេត្តកណ្តាលនេះ៕