(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស បានអះអាងថា ជោគជ័យធំបំផុតរបស់បញ្ជាការដ្ឋានកងទ័ពជើងអាកាសតាំងពីដើម រហូតមកដល់ពេលនេះ គឺធានាសុវត្ថិភាពដល់ការហោះហើរទាំងអស់ និងគ្មានហានិភ័យណាមួយកើតឡើងនោះឡើយ។

ការអះអាងរបស់នាយឧត្តមសេនីយ៍ សឹង សំណាង ធ្វើឡើងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងយ៉ាងដូច្នេះថា «ជោគជ័យកន្លងមកដល់បញ្ជាការដ្ឋានកងទ័ពជើងអាកាសរបស់យើង គឺធានាសុវត្ថិភាពហោះហើរ ដែលយើងសម្រេចបាន១០០ភាគរយ អស់មានបញ្ហាអ្វីដែលជាកង្វល់ហានិភ័យ ពាក់ព័ន្ធដល់ការងារហោះហើរនេះឡើយ។ នេះជាជោគជ័យដោយសារការខិតខំប្រឹងប្រែង សមត្ថភាពទទួលខុសត្រូវ ឆន្្ទះមុះមុតរបស់យើង»

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍មេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានអនុវត្តដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវសុវត្ថិភាព ក្នុងការរៀបចំ និងអនុវត្តរបស់ក្រុមហោះហើរ ផ្នែកបច្ចេកទេស និងផ្នែកធានាការហោះហើរទាំងឡាយ ឲ្យប្រកបដោយភាពជោគជ័យ។

បន្ទាប់ពីបានវាយតម្លៃខ្ពស់ចំពោះអ្វីដែលសម្រេចបាននាពេលកន្លងមកហើយនោះ ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានគូសបញ្ជាក់ជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នូវសភាពការណ៍ផ្សេងៗ រួមទាំងព្រឹត្តិការណ៍នយោបាយមួយចំនួន ក៏ដូចជាភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

នាយឧត្តមសេនីយ៍ សឹង សំណាង បានលើកឡើងអំពីភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅ ដែលធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព១០០ភាគរយ ជូនអង្គប្រជុំ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់បណ្ដាប្រទេសនានាលើពិភពលោក ដែលបានអញ្ជើញមកកម្ពុជាផងដែរ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានគូសរំលេចនូវព្រឹត្តិការណ៍សំខាន់ៗ មួយចំ​នួនទៀត ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយជាពិសេសនោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ។

ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ សឹង សំណាង រំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ឲ្យត្រៀមខ្លួនដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ តាមរយៈចូលរួមការបោះឆ្នោតនេះ។ លោកបន្ដថា សន្លឹកឆ្នោតមួយសន្លឹករបស់យើងទាំងអស់គ្នា គឺជាការកំណត់នូវជោគជ័យវាសនារបស់ប្រទេសជាតិ ដោយលោកសង្កត់ធ្ងន់ថា ត្រូវបន្ដគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕