(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល CPP និងជាប្រធានគណៈពង្រឹងស្រុកលើកដែក បានបន្តលើកឡើងនូវស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងប្រទេសកម្ពុជា ជាងកន្លះសតវត្សរ៍មកនេះ ហើយលោកស្រីបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារសន្តិភាពដែលប្រទេសកម្ពុជាកំពុងមានសព្វថ្ងៃ។
ការលើកឡើងរបស់ លោកស្រី ឃួន សុដារី បែបនេះបានធ្វើឡើងខណៈដែលចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦។
លោកស្រី ឃួន សុដារី បានបញ្ជាក់ថា គណបក្សប្រជាជនបានតស៊ូយ៉ាងខ្លាំងក្លា ក្នុងការនាំមកនូវសន្តិភាព និងការរីកចំរើនជូនប្រទេសកម្ពុជា ដូច្នេះពលរដ្ឋចងចាំ និងការពារសន្តិភាពឲ្យបាន កុំចង់សាកជាមួយសង្រ្គាម។ លោកស្រីថា សង្រ្គាមបើកើតហើយមិនងាយរលត់ទេ។
បន្ទាប់ពីស្តាប់របាយការណ៍ផ្ទាល់មាត់របស់គណកម្មការបក្សគ្រប់ភូមិ លោកស្រីបានផ្តាំផ្ញើរឱ្យជំរុញ និងបង្កលក្ខណ:ជូនបងប្អូនឱ្យធ្វើអត្តសញ្ញាប័ណ្ណឱ្យបានគ្រប់គ្នា ក្តាប់ឱ្យបានពីសតិអារម្មណ៍របស់បងប្អូនយើង និងក្តាប់ឱ្យបាននូវសំណូមពររបស់ពួកគាត់ទាំងសេវាចាំបាច់ និងសេវាតម្រូវការ។
លោកស្រីបានផ្តាំផ្ញើរ បងប្អូនសមាជិក សមាជិកា ដើម្បីបន្តធ្វើវេទិកាសាធារណ: ដោយដើរទន្ទឹមនឹងសកម្មភាពចិញ្ចឹមចលនា ត្រៀមរៀបចំសន្និបាតបក្សឃុំ និងជាពិសេស ត្រៀមខ្លួនរក្សាប្រៀបឈ្នះ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ៕