(ព្រះសីហនុ)៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងថ្នាក់ដឹកនាំសមាគមរាជសីហ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី សំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ លោកតា លោកយាយចាស់ជរាក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កម្មពិធីនេះធ្វើឡើងនៅព្រឹក និងរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ មានទីតាំងទី១ ឃុំអូរជ្រៅ និងទី២ ក្នុងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងពេលវេលាជួបសំណេះសំណាលនេះ ថ្នាក់ដឹកនាំ និងក្រុមការងារក្នុងព្រះវិហារ បានសម្តែងនូវក្តីរំភើបរីករាយជាអនេក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធាន ស៊ូម សារឿន និងថ្នាក់ដឹកនាំសមាគមរាជសីហ៍ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជួយការងារសង្គមដោយមិនរើសអើង។ ក្រុមកាងារ និងលោកតា លោកយាយទាំងអស់ សូមជូនពរឲ្យថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ទាំងអស់មានសុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តការងារសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម។

ក្នុងឱកាសនោះ លោក ស៊ូម សារឿន បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋទាំងអស់សូមគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសូមគាំទ្រយ៉ាងពេញទំហឹង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ លោកបន្តថា សាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនមានភាពរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ។

គួរបញ្ជាក់ថា ក្នុងការជួបសំណេះសំណាលនេះ លោក ស៊ូម សារឿន បាននាំយកអំណោយជាកញ្ចប់ថវិកាមួយចំនួន ដែលបានមកពីរសមាគមរាជសីហ៍សាខាខេត្តព្រះសីហនុ ជូនដល់គណ:កម្មការគ្រប់គ្រងព្រះវិហា ចំនួន២ឃុំ មានឃុំអូរជ្រៅ និងឃុំបឹងតាព្រហ្ម ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទុកសម្រាប់ជួសជុលសាងសង់ពង្រីកព្រះវិហាចាស់ៗ ដែលមានសភាពទ្រុឌទ្រោម ឲ្យមានសោភ័ណ្ឌភាព និងមានភាពរឹងមាំឡើងវិញ។

ក្នុងនោះក៏មានភ្ជាប់មកនូវជា សម្ភារៈ និងគ្រឿងឧបភោគភោគសម្រាប់ចែកជូនពលរដ្ឋចំនួន៣៦គ្រួសារ (ក្នុងឱកាសបួសរ៉ាម៉ាឌនរបស់ខ្មែរឥស្លាម) មានដូចជា៖ ទឹកសឺរ៉ូចំនួន២ដប, ស្ករសចំនួន២គីឡូក្រាម, ទឹកដោះគោ២កំប៉ុង, ថវិកាចំនួន២ម៉ឺនរៀល/ក្នុងមួយនាក់ សរុបជាទឹកប្រាក់ចំណាយចំនួន២,៤១០,០០០រៀល៕