(ភ្នំពេញ)៖ អង្គការមនុស្សចាស់កម្ពុជា បានសហការជាមួយបណ្តាញមនុស្សវ័យចាស់កម្ពុជា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បានអបអរសាទរទិវាសុខភាពពិភពលោក ក្រោមប្រធានបទ «សុខភាពល្អសម្រាប់មនុស្សគ្រប់វ័យ» ដើម្បីចូលរួមចំណែកបង្កើនការយល់ដឹង ជាពិសេសមនុស្សវ័យចាស់ ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

ពិធីនេះត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកសាស្ត្រាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ទុំ វីរ៉ា នាយកប្រតិបត្តិនៃអង្គការមនុស្សចាស់កម្ពុជា លោកស្រី លី គឹមលៀង អនុប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន នៃក្រសួងស.អ.យ លោក សំ សំអឿន តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC) និងតាមរយៈប្រព័ន្ធអនឡាញ ព្រមទាំងនៅតាមមូលដ្ឋានគោលដៅមួយចំនួនដែលស្ថិតនៅក្នុងចំណោម ១៤រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈមូលនិធិគាំទ្រពីរដ្ឋាភិបាលហូឡង់ សហគមអឺរ៉ុប រួមជាមួយម្ចាស់ជំនួយប្រទេសអាល្លឺម៉ង់ (BMZ & HAD)។

កម្មវិធីអបអរសាទរទិវាសុខភាពពិភពលោក ជារៀងរាល់ឆ្នាំ មានមនុស្សយ៉ាងហោចណាស់ប្រមាណ ៤១លាននាក់ដែលបានស្លាប់ដោយសារជំងឺមិនឆ្លង ក្នុងនោះរួមមានមនុស្សប្រមាណ ១៥លាននាក់ ដែលមានអាយុចន្លោះពី ៣០ ទៅ ៦៩ ឆ្នាំ។ ហើយជាង ៨៥% នៃការស្លាប់មុនអាយុដែលបណ្តាលមកពីជំងឺមិនឆ្លងនេះ គឺកើតមានភាគច្រើននៅក្នុងចំណោមប្រទេសដែលចំណូលទាប និងមធ្យម។ ក្នុងចំណោមអ្នកដែលស្លាប់ដោយសារជំងឺនៅកម្ពុជា មានប្រមាណ ៥៩,៩០០នាក់ ឬស្មើនឹង ៦៤% បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ដោយសារប្រភេទនៃជំងឺមិនឆ្លងនេះ។

សូមជម្រាបដែរថា ទិវាសុខភាពពិភពលោក ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែល រៀបចំឡើងក្នុងគោលបំណងរួមចំណែកបង្កើនការយល់ដឹង និងប្រមូលនូវធាតុចូលពីតំណាងមនុស្សចាស់ក្នុងចំណោម ១៤រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងតម្រូវការអាទិភាពរបស់ពួកគាត់ ទៅលើផ្នែកសុខភាព សំដៅជម្រុញការទទួលបាននូវប្រព័ន្ធថែទាំដ៏ល្អ និងសេវាសុខភាពដែលមានលក្ខណៈសមស្របសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសមនុស្សវ័យចាស់ ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

នាឱកាសនៃទិវានេះដែរ មានការចូលរួមពីតំណាងមនុស្សចាស់ និង មានការចែករំលែកពី តំណាងក្រសួងពាក់ព័ន្ធ នាយកដ្ឋានជំនាញ ព្រមទាំងអង្គការសុខភាពពិភពលោកជុំវិញ យុទ្ធសាស្ត្រកាត់បន្ថយជំងឺ និងមរណភាពបណ្តាលមកពីជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈផ្សេងៗ និងវឌ្ឍនភាពនៃការងារធានារ៉ាប់រ៉ងសុខភាព ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលក្នុងប្រព័ន្ធគាំពារសង្គម នៅកម្ពុជា។

បន្ថែមពីលើនេះ នៅក្នុងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០ ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្រ្តសុខាភិបាលជាតិសម្រាប់ថែទាំសុខភាពមនុស្សចាស់ ឆ្នាំ២០១៦ ក៏បានចង្អុលបង្ហាញ និងកំណត់នូវទិសដៅ និងយុទ្ធសាស្រ្តមួយចំនួន ក្នុងការលើកកម្ពស់សេវាសុខភាព និងសុខមាលភាពរបស់មនុស្សវ័យចាស់នៅកម្ពុជា។
អង្គការមនុស្សចាស់កម្ពុជា គឺជាអង្គការក្នុងស្រុកមិនមែនរដ្ឋាភិបាល ដែលធ្វើការជាមួយមនុស្សចាស់ ដើម្បីឲ្យពួកគាត់អាចដឹកនាំជីវិតរស់នៅថ្លៃថ្នូ មានភាពសកម្ម សុខភាពល្អ និង សុវត្ថិភាព ។ អង្គការមានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ និងបានបំពេញបេសសកម្មរបស់ខ្លួនក្នុងខេត្តបាត់ដំបង, បន្ទាយមានជ័យ និ ងសៀមរាប។ អង្គការ គឺ ជាសមាជិកបណ្តាញសាកលរបស់អង្គការ មនុស្សចាស់អន្តរជាតិ៕