(ក្រចេះ)៖ លោក កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន នៅខេត្តក្រចេះ។
ពិធីនេះមានការចូលរួមពីលោក ហង់ ចាន់ឌី អភិបាលរងខេត្តកក្រចេះ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ យុវជន និងសិស្សានុសិស្សប្រមាណ៣០០នាក់ នៅទីតាំងមុខផ្សារសាមគ្គីក្រុងក្រចេះ។
លោក ហង់ ចាន់ឌី បានឲ្យដឹងថា ពេលបច្ចុប្បន្ន ប្រទេសនៅលើសកលលោកទាំងមូលកំពុងជួបប្រទះនឹងការប៉ះពាល់យ៉ាងខ្លាំងលើបញ្ហាបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិកដែលបានបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោក សង្គមជាតិ គ្រួសារ និងកូនចៅជំនាន់ក្រោយ។
ជាក់ស្តែងនៅក្នុងខេត្តក្រចេះ ការប្រើប្រាស់សម្ភារៈ ម្ហូបអាហារ និងផលិតផលផ្សេងៗ បានបន្សល់នូវកាកសំណល់យ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងមានកើនឡើងគួរឱ្យកត់សម្គាល់ ដោយអត្រាកំណើនតម្រូវការរបស់ប្រជាជន កាន់តែច្រើនឡើង ហើយការទុកដាក់និងវេចខ្ចប់កាកសំណល់សំរាមថង់ប្លាស្ទិកពុំបានត្រឹមត្រូវល្អ សរបុប្រមាណជាង៣តោន/១ថ្ងៃ។
លោកបន្តទៀតថា ស្ថិតក្នុងបញ្ហាប្រឈមខាងលើ ក្នុងនាមថ្នាក់ដឹកនាំខេត្តបាននិងកំពុងបន្តធ្វើការផ្សព្វផ្សាយដល់មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឱ្យចូលរួមខិតខំថែរក្សាអនាម័យ សម្អាតបរិស្ថានជាប្រចាំ និងរក្សាសោភ័ណភាពបរិស្ថានបន្ថែមទៀត តាមរយៈការចូល រួមទាំងអស់គ្នា ជាពិសេសត្រូវខិតខំសិក្សាស្វែងយល់ពីផលប៉ះពាល់ដែលកើត មកពីថង់ប្លាស្ទិកដែលកំពុងនិយមប្រើប្រាស់ជាប្រចាំ ដោយរួមគ្នាខិតខំដោះស្រាយបញ្ហាសំណល់ប្លាស្ទិក សំដៅធ្វើឱ្យការប្រើប្រាស់ប្លាស្ទិកត្រូវបានកាត់បន្ថយមកតិចបំផុតតាមដែលអាចធ្វើបាន។
លោក កែន សេរីរដ្ឋា បានលើកឡើងថា យុទ្ធនាការដែលបានរៀបចំក្នុងថ្ងៃនេះ គឺជាការបំផុសស្មារតីរបស់សាធារណជនទូទៅឱ្យយល់ដឹងអំពីផលប៉ះពាល់នៃសំណល់សំរាម ជាពិសេសគឺសំណល់ប្លាស្ទិកដែលបង្ករគ្រោះថ្នាក់បំផុតដល់សុខភាពមនុស្ស និងគុណភាពបរិស្ថាន និងជាឱកាសក្នុងការឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជនទាំងអស់គ្នា ក៏ដូចជាប្រជាជនលើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណ ភាពបរិស្ថាន ភពផែនដីឱ្យឈានឆ្ពោះទៅរក្សានិរន្តរភាព និងភាពស្រស់បំព្រងសម្រាប់មនុស្សបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗ។
លោកក៏បានប្រគល់នូវសៀវភៅកម្ពុជាមាតុភូមិខ្ញុំ ដបទឹកបរិស្ថាន និងកន្រ្ដកបរិស្ថានជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ចៅសង្កាត់ និងអ្នកចូលរួមក្នុងអង្គពិធី ព្រមទាំងចែកជូនដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារសាមគ្គី ដើម្បីរួមចំណែកកាត់បន្ថយថង់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ៕