(ពោធិ៍សាត់)៖ តាមរយៈការផ្សព្វផ្សយការយល់ដឹងពីគុណតម្លៃរបស់សត្វព្រៃ និងការប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការយកសាច់សត្វព្រៃមកលម្អិតធ្វើម្ហូបលក់ដល់ភ្ញៀវពិសារ គឺមានម្ចាស់ភោជនីយដ្ឋានចំនួន៩ នៅទីរួមខេត្តពោធិ៍សាត់ បានប្តេជ្ញាចិត្តមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃដល់ភ្ញៀវពិសាជាដាច់ខាត បើទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ។

ជាមួយគ្នានឹងការបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តពោធិ៍សាត់នេះ ក្រៅពីម្ចាស់ភោជនីយដ្ឋានទាំង៩ខាងលើ សិស្សានុសិស្ស ប្រជាពលរដ្ឋ បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនផងដែរ។

បើគិតមកដល់ពេលនេះមានភោជនីយដ្ឋានជាង៥០កន្លែង នៅក្នុងខេត្តចំនួន៧ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី និងពោធិ៍សាត់ ការប្ដេជ្ញាមិនលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃឡើយ ដើម្បីចូលរួមក្នុងការកាត់បន្ថយការបរបាញ់ និងសម្លាប់សាច់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ និងអភិរក្សសត្វព្រៃ។

ដើម្បីជាការលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំង៩នេះ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានប្រគល់ប័ណ្ណសសើរដល់ម្ចាស់ភោជនីយដ្ឋាន ព្រមទាំងចុះបិទស្ទីកឃ័រផ្សព្វផ្សាយពីសារសំខាន់នៃសត្វព្រៃនៅតាមភោជនីយដ្ឋានផងដែរ។

បើតាមលោក ឆន សុផាន់ណារ៉េត ជាម្ចាស់ភោជនីយដ្ឋានម្លប់ស្វាយ ដែលមានទីតាំងនៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ បានបញ្ជាក់ថា ការលក់សាច់សត្វព្រៃឱ្យអតិថិជនរបស់ខ្លួនអាចបណ្ដាលឱ្យពួកគាត់ឆ្លងជំងឺជាច្រើនប្រភេទ ហើយនឹងធ្វើឱ្យពួកគេប្រឈម នឹងហានិភ័យមួយចំនួនផងដែរ។ សត្វព្រៃរស់នៅក្នុងព្រៃ ហើយបរិស្ថានរស់នៅរបស់ពួកគេពុំមានការគ្រប់គ្រងបានដិតដល់ ដូចជាសត្វចិញ្ចឹមនៅក្នុងកសិដ្ឋាននោះឡើយ ពីព្រោះសត្វព្រៃងាយនឹងឆ្លងប៉ារ៉ាស៊ីត មេរោគ និងគ្រោះ ថ្នាក់ផ្សេងទៀតដែលរកមិនឃើញនៅក្នុងសាច់សត្វដែលចិញ្ចឹមក្នុងកសិដ្ឋាន។

លោកបានបន្តថា ខេត្តពោធិ៍សាត់សក្តានុពលច្រើន ហើយការការពារព្រៃឈើ និងព្រៃឱ្យបានគង់​វង្ស នឹងធ្វើឱ្យប្រជាពលរដ្ឋនៅតាមតំបន់ដែលមានវត្តមានសត្វព្រៃ នឹងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច។

ភោជនីយដ្ឋានទាំង៩នោះរួមមាន៖ ភោជនីយដ្ឋាន ហេបភីណាយ, ភោជនីយដ្ឋាន មហាលាភ, ភោជនីយដ្ឋាន ច័ន្ទមណ្ណី មណ្ណីច័ន្ទសុខសាន្ត, ភោជនីយដ្ឋាន សេវេនឡាក់, ភោជនីយដ្ឋាន ហ្សារ៉ាកាហ្វេ, ភោជនីយដ្ឋាន ស្ទឹងមាស, ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្តស្លាមាស, ភោជនីយដ្ឋាន ម្លប់ស្វាយ និងភោជនីយដ្ឋាន កាហ្វេឡាហ្គូស៉ី។

គួរឱ្យដឹងថា សម្រាប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ ក្រសួងបរិស្ថាន បានបន្តឆ្ពោះមកកាន់ខេត្តនៅតាមជួរភ្នំក្រវាញ ក្នុងនោះបានជ្រើសរើសខេត្តពោធិ៍សាត់មុនគេ នៅក្នុងខេត្តចំនួន៦រួមមាន៖ ខេត្តកំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន ដោយមានការសហការពីអង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការអភិរក្សសកលប្រចាំកម្ពុជា (CI) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មូលនិធិម៉ាដក្សចូលីភីត (MJP) អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life) អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC)៕