(ភ្នំពេញ)៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនដល់ លោក Li keqiang នាយករដ្ឋមន្រ្តីចិន ចំពោះការស្លាប់ប្រជាជនចិនជិត២០០នាក់ នៅក្នុងករណីគ្រោះទឹកជំនន់ នៅភាគកណ្តាល និងភាគខាងត្បូងប្រទេសចិន។

នាថ្មីៗនេះទឹកជំនន់ ដែលបង្កឡើងដោយប្រព័ន្ធ សម្ពាធទាបវាយប្រហារ ភាគកណ្តាល និងភាគខាងត្បូងប្រទេសចិននោះ បានឆក់យកជីវិតមនុស្ស ១៨០នាក់ហើយ ខណៈរាប់សិបនាក់ទៀតបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ BBC គិតត្រឹមថ្ងៃទី០៥ ខែកក្កដា។

ភ្លៀងធ្លាក់ក្នុងកម្រិតពី១០ ទៅ ៥០សង់ទីម៉ែត្រ បានបាចសាចពាសពេញខេត្តចំនួន ០៧នៅភាគកណ្តាល និង ភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យទឹកទន្លេ យ៉ាងត្សេ (Yangtze) កើនឡើងលើសកម្រិតប្រកាសអាសន្ន និងកំពុងបង្កការលិចលង់ពាសពេញតំបន់ខាងលើនេះតែម្តង។ យ៉ាងហោចណាស់មនុស្ស ៤៥នាក់ នៅបន្តបាត់ខ្លួននៅឡើយ ស្របពេលដែលប្រជាជនក្នុងតំបន់ ៣៣លាននាក់ កំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ដ៏អាក្រក់នេះ។

គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់ និងបាត់ខ្លួន ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ថ្នល់ អគារសាធារណៈ សាលារៀន និង មន្ទីរពេទ្យជាដើម បានទទួលរងការខូចខាត និងខ្លះត្រូវបិទទ្វារជាបណ្តោះអាសន្ន។ អាជ្ញាធរបានប្រកាសថា ភ្លៀង នឹងបន្តធ្លាក់យ៉ាងសន្ធប់រហូតដល់ពាក់កណ្តាលសប្តាហ៍នេះ ហើយប្រជាពលរដ្ឋនៅតាមបណ្តាលខេត្តជាង ១០ ត្រូវបានអាជ្ញាធរអំពាវនាវឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត។

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ៖