(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង និងយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងគ្រួសារយោធិន ពលី-មរណៈ សរុបចំនួន៦៧នាក់ (ក្នុងនោះយោធិនពិកា៤នាក់ គ្រួសារពលី-មរណៈ១២នាក់) ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ (ធំ) ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
នៅក្នុងពិធីនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងគ្រួសារយោធិន ពលី-មរណៈ ដោយក្តីនឹករលឹកក្នុងឱកាសចូលឆ្នាំថ្មីផងដែរ។
ទន្ទឹមជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានរំលឹកពីវរៈភាពដ៏អង់អាចក្លាហានរបស់យោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងគ្រួសារយោធិន ពលី-មរណៈទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតដល់ប្រទេសជាតិមានសុខសន្តិភាពពេញលេញ សម្បូរសប្បាយក្រោមម្លប់នៃសន្តិភាព។ ទាំងអស់នេះគឺជាការលះបង់យ៉ាងធំធេង មិនអាចកាត់ថ្លៃបានរបស់បងប្អូនយោធិនដែលមានស្នាដៃដើម្បីជាតិកម្ពុជាយើង។
ជាការតបស្នងសងគុណដ៏ធំធេងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែយកចិត្តទុកដាក់ទៅលើសុខទុកបងប្អូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងគ្រួសារ យោធិន ពលី-មរណៈ ជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧នេះ លោកបានចាត់ឱ្យក្រុមការងារ បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្ត នាំយកនូវអំណោយផ្តល់ជូនដល់យោធិន សម្រាប់ចូលឆ្នាំថ្មី ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកក្រូច២យួរ, មី២កេស ត្រីខ២យួរ រួមនឹងថវិកាចំនួន២០ម៉ឺនរៀល៕