(កំពង់ធំ)៖ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្សព្វផ្សាយកម្មវិធីសម្បទានដីសង្គមកិច្ច ដែលជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ឡាសិតស៊្រី ដែលមានការគាំទ្រពីធនាគារពិភពលោក (World Bank) ដល់បងប្អូនប្រជាពលរដ្ឋឃុំគោល ស្រុកប្រាសាទសំបូរនិងឃុំទំរីង ស្រុកសណ្តាន់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅវត្តទួលពង្រ ភូមិទួលពង្រ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ពិធីនេះក៏មានការចូលរួមពីលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក រ័ត្ន ហុក អនុរដ្ឋលេខាធិការ និងជានាយកគម្រោងឡាសិតស៊្រី លោក ទូច សុខា អភិបាលរងខេត្តកំពង់ធំ លោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីរមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ និងជាប្រធានគ្រប់ត្រង់គម្រោងថ្នាក់ខេត្ត បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាព នៃការអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដែលបានអនុវត្តលើ២ស្រុក ដែលមានទីតាំងដីគ្រោងអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ក្នុងខេត្តកំពង់ធំ គឺស្ថិតនៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានទំហំ ១២១៣ហិកតា មានចំងាយ ៤៧គ.ម ពីទីរួមខេត្ត និងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានទំហំ ៨៧១ហិកតា មានចំងាយប្រមាណ ១៣២ គ.ម ពីទីរួមខេត្ត និងចំងាយប្រមាណ១៦គ.ម ពីទីតាំងសាលាឃុំទំរីង។

លោកបានបន្តថា គម្រោង LASED III ខេត្តកំពង់ធំត្រូវបានដាក់បញ្ចូលជាខេត្តគោលដៅតម្រោងក្នុងចំណោមខេត្ត ផ្សេងៗទៀត យោងតាមលិខិតលេខ; ២២៥៣ លស ២២/ និងលិខិតលេខ ២២៥៤ ០៥លស ចុះថ្ងៃទី ២២/ ខែមេសា ឆ្នាំ២០២១ស្តីពីសំណើសុំកាត់ផ្ទៃដីទំហំ ៨៧១ ហត, ស្ថិតនៅឃុំទំរីងស្រុកសណ្តាន់និងសំណើរសុំ កាត់ផ្ទៃដីទំហំ ១ ៣៤៣ ហត ស្ថិតនៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ពីរដ្ឋបាលខេត្តកំពង់ធំ កាត់ចេញពីគម្របព្រៃឈើឆ្នាំ២០០២ សម្រាប់គោលដៅសម្បទានដីសង្គមកិច្ចនៃគម្រោង LASED III ។

លោក ថេង ច័ន្ទសង្វារ បានកោតសរសើ និងថ្លែងអំណគុណដល់ដៃគូរអភិវឌ្ឍ ដែលបានលះបង់ពេលវេលា និងកំលាំងកាយចិត្ត ប្រកបដោយស្មារតី និងឆន្ទះ មុះមុត ក្នុងការអនុវត្តការងារនេះសំដៅលើកកំពស់ ជីវភាព និងសុខមាលភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងជាលំដាប់។

លោកក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលទន្រ្ទានកាន់កាប់ក្នុងដីសម្បទានសង្គមកិច្ច កន្លងមក និងទើបទន្រ្ទានកាន់កាប់ថ្មីៗនេះសូមដកខ្លួនជាបន្ទាន់ជៀសវាងទទួលរងការអនុវត្តតាមផ្លូវច្បាប់។

លោកបានស្នើឲ្យអ្នកអនុវត្តគម្រោងថ្នាក់ខេត្ត បានខិតខំជម្រុញការងារនេះយ៉ាងសកម្ម សំដៅធ្វើយ៉ាងណារៀបចំឱ្យគម្រោងសម្បទានដីសង្គមកិច្ច ដំណើរការដោយរលូន ស្របតាមជំហាននៃផែនការមេដែលបានគ្រងទុកដើម្បីឱ្យ បងប្អូនប្រជាពលរដ្ឋ ជាមុខសញ្ញាទទួលបានផលកាន់តែឆាប់ ហើយគម្រោងនេះអាចសម្រេចជោគជ័យទៅបានអាស្រ័យដោយសារមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ។

ពិធីផ្សព្វផ្សាយគម្រោង ឡាសិតស៊្រី គឺជាការប្រកាសតំបន់ វិនិច្ឆ័យ ចំណាត់ថ្នាក់ដីរដ្ឋលំអិត និងចុះបញ្ជី ដីឯកជនរបស់រដ្ឋ ដើម្បីបែងចែកដល់ប្រជាពលរដ្ឋក្រីក្រតាមឃុំ ឱ្យយល់ដឹងពីនិតិវិធី នៃការអនុវត្តកម្មវិធីសម្បទានដី សង្គមកិច្ចថ្នាក់មូលដ្ឋាន។

ចុងក្រោយលោក ថេង ច័ន្ទសង្វារ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ហើយដីដែលបានផ្ដល់ជូនគឺបងប្អូនត្រូវរស់នៅក្នុងរយៈពេល ៥ឆ្នាំ ដោយមិនមានការទិញលក់នៅឡើយ៕