(កោះកុង)៖ ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង, នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងផ្សព្វផ្សាយអោយអនុវត្តន៍ការស្រង់វត្តមានយោធិនមកធ្វើការ តាមរយៈប្រព័ន្ធឌីជីថលទំនើបនៅមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខទាំងអស់ ចំណុះបញ្ជាការដ្ឋានខេត្តកោះកុង។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកនាយរងសេនាធិការ លោកមេបញ្ជការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងក្រុមជំនួយការ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីប្រជុំត្រីមាសទី១ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីពេលកន្លងទៅ បានឲ្យបណ្តាគ្រប់អង្គភាព ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវធ្វើយ៉ាងណាគ្រប់គ្រងបុគ្គលិករបស់ខ្លួនឲ្យបានប្រកបដោយវិន័យ សមជាកងកម្លាំងកងរាជអាវុធហត្ថ ដូចនេះទើប បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានដាក់ចេញនូវទិសដៅការងារជាច្រើន រួមមាន ការស្រង់វត្តមាន យោធិន មកធ្វើការតាមរយៈប្រព័ន្ធឌីជីថលទំនើប នៅគ្រប់អង្គភាពចំណុះបញ្ជាការដ្ឋានខេត្ត ក្នុងគោលបំណងដើម្បីពង្រឹងវិន័យ កាន់តែមានភាពរឹងមាំ។
សូមបញ្ជាក់ថា ការស្រង់វត្តមានយោធិន មកធ្វើការ តាមរយៈប្រព័ន្ធឌីជីថលទំនើបនេះ គឺមានភាពសុក្រិត ច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបក្នុងសម័យសម្តេចតេជោ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានលើកឡើងថា ការដាក់ចេញនូវទិសដៅស្រង់វត្តមាន យោធិន មកធ្វើការ តាមរយៈប្រព័ន្ធឌីជីថលទំនើបនេះ គឺសំដៅលើទំនើបកម្ម បច្ចេកវិទ្យាបច្ចុប្បន្នកំពុងឈានទៅកាន់តែខ្ពស់ ហើយតំរូវឲ្យយោធិន នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវមានចំណេះដឹង ចំណេះធ្វើ ដើម្បីរួមចំណែកការអភិវឌ្ឍន៍ជាតិ ក្នុងយុគសម័យ បច្ចេកវិទ្យាដ៏ទំនើបក្នុងសម័យសម្តេចតេជោ៕