(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសំរោងក្រោម បានបើកប្រតិបត្តិការជួយសង្គ្រោះ និងរំដោះជនជាតិចិនម្នាក់ ដែលត្រូវបានជនជាតិចិនដូចគ្នា ចាប់វាយដំបង្ខាំងនៅក្នុងផ្ទះ ដោយយកស្កុតរុំបិទមាត់ និងចាប់ចងជើងដៃស្លាបសេកព័ទ្ធមកក្រោយ។ ជនរងគ្រោះត្រូវបានកម្លាំងនគរបាលជួយដោយជោគជ័យផងដែរ។
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅយប់វេលាម៉ោង ៩៖៣០នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៦M បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយដឹកនាំកម្លាំងផ្ទាល់ដោយលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើរួមមាន៖
*ទី១៖ ឈ្មោះ Ma Jian Donco អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិចិន មានទីលំនៅផ្ទះកើតហេតុខាងលើ
*ទី២៖ ឈ្មោះ Wanco yonfu អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។
ក្រោយបង្ក្រាបបានករណីនេះ កម្លាំងនគរបាល បានដករហូតរថយន្តមួយគ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត ដែលជនសង្ស័យបានប្រើប្រាស់ទៅលើជនរងគ្រោះ។ ចំណែកឯជនរងគ្រោះ ជាជនជាតិចិនដូចគ្នា មិនទាន់ស្គាល់ឈ្មោះ បច្ចុប្បន្នតែព្យាបាល នៅឯមន្ទីរពេទ្យលោកសង្ឃ។
មុនពេលកើតហេតុ មានប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ក្បែរកន្លែងកើតហេតុ បានរាយការណ៍ប្រាប់មកកាន់សមត្ថកិច្ចថា មានជនសង្ស័យជាជនជាតិចិន២នាក់ បានធ្វើសកម្មភាពប្រើប្រាស់អំពើហិង្សាលើបុរសជនជាតិចិនម្នាក់ទៀត។
ពេលទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យទាំងពីរនាក់នោះបានព្យាយាមរត់គេចខ្លួន ខណៈពេលនោះកម្លាំងសមត្ថកិច្ចរួមទាំងប្រជាពលរដ្ឋ បានដេញតាមចាប់ជនសង្ស័យ ទាំងពីរនាក់បានតែម្ដង រួចបញ្ជូនជនសង្ស័យខាងលើមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមផ្លូវច្បាប់៕