(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU បានចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយរំលោភសេពសន្ថវៈទៅលើកុមារីអាយុ ១៣ឆ្នាំម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើង នៅវេលាម៉ោង ១៖៣០នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការដឹកនាំ ចង្អុលបង្ហាញផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU បានស្រាវជ្រាវរហូតឈានដល់ការកំណត់ មុខសញ្ញានិងឃាត់ខ្លួនបានតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យ ជា ធារិត អាយុ៣៨ឆ្នាំ បានជិះម៉ូតូទៅទិញទឹកក្រឡុកនៅផ្ទះកុមារីរងគ្រោះ ស្ថិតនៅបុរីពិភពថ្មីឈូកវ៉ា២ ដោយជនសង្ស័យបានក្លែងខ្លួនជាគ្រូបង្រៀន ហើយបានអះអាងប្រាប់ម្ដាយកុមារីរងគ្រោះថា ខ្លួនជាគ្រូបង្រៀន និងមានវិញ្ញាសារប្រឡងថ្នាក់ទី៩។
បន្ទាប់មកម្ដាយកុមារីរងគ្រោះ មានការជឿទុកចិត្ត ក៏បានទាក់ទងទៅឈ្មោះ ជា ធារិត។ លុះដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ ជា ធារិត បានមកទាក់ទងមកឪពុកកុមារីរងគ្រោះជាច្រើនដង ដើម្បីឲ្យកុមារីរងគ្រោះ យកវិញ្ញាសារប្រឡងថ្នាក់ទី៩ ហើយឈ្មោះ ជា ធារិត ក៏បានជិះម៉ូតូទៅយកកុមារីរងគ្រោះពីចំណុចសាលាវិទ្យាល័យភ្នំពេញថ្មី ដឹកទៅសាលាវិទ្យាល័យជម្ពូវ័ន ដើម្បីយកវិញ្ញាសារស្រាប់តែពេលនោះឈ្មោះ ជា ធារិត បានដឹកកុមារីរងគ្រោះទៅទីតាំងផ្សេងទៅវិញ ហើយប្រាប់ទៅកាន់កុមារីរងគ្រោះថា ខ្លួនដឹកកុមារីរងគ្រោះទៅយកវិញ្ញាសារនៅម្ដុំវត្ថតាំក្រសាំងខាងត្បូងវិញ។
លុះដល់វត្ថតាំងក្រសាំងខាងត្បូងឈ្មោះ ជា ធារិត បានរុញកុមារីរងគ្រោះចូលក្នុងបន្ទប់ទឹកចាស់មួយកន្លែង ដែលស្ថិតនៅក្នុងវត្តតាំងក្រសាំងខាងត្បូង ហើយបានយកកូនកាំបិតគំរាមទៅកាន់កុមារីរងគ្រោះដើម្បីធ្វើសកម្មភាពរំលោភ តែមិនបានសម្រេច។ បន្ទាប់មកពេលធ្វើសកម្មភាពរួចឈ្មោះ ជា ធារិត បានគំរាមទៅកាន់កុមារីរងគ្រោះថា កុំឲ្យស្រែក បើហ៊ានស្រែក ខ្លួននឹងចាក់សំលាប់។
បន្ទាប់មកឈ្មោះ ជា ធារិត បានដឹកកុមារីរងគ្រោះទៅទីតាំងហាងបញ្ចាំ ដើម្បីបញ្ចាំទូរស័ព្ទរបស់ខ្លួន ព្រមទាំងបានបញ្ចុះបញ្ចូលកុមារីរងគ្រោះឲ្យចូលផ្ទះសំណាក់ជាមួយខ្លួន តែកុមារីរងគ្រោះបានប្រកែកមិនព្រមចូលនោះទេ ហើយឈ្មោះ ជា ធារិត ក៏បានដឹកកុមារីរងគ្រោះទៅកាន់ទីតាំងសាលាវិទ្យាល័យភ្នំពេញថ្មីវិញ រួចគេចខ្លួនបាត់តែម្ដង។
លុះដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ កំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU បានធ្វើការឃាត់ខ្លួនឈ្មោះ ជា ធារិត នៅចំណុចហាងបញ្ចាំដែលមានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបាននាំជនល្មើសមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ រួចបានប្រគល់ជនល្មើសខាងលើជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕