(កោះកុង)៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងប្រាប់សមត្ថកិច្ចគ្រប់មូលដ្ឋាន ត្រូវការពារសុវត្ថិភាពពលរដ្ឋ កុំឲ្យមានបទល្មើសនានាកើតឡើង ជាពិសេសបទល្មើសគ្រឿងញៀន។
លោកថ្លែងបែបនេះ ពេលដឹកនាំគណៈប្រតិភូ បើកកិច្ចប្រជុំស្ដីពីការពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកោះកុង ដែលបានរៀបចំឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅសាលមហោស្រពខេត្តកោះកុង។
ថ្លែងនៅចំពោះមុខរដ្ឋបាលខេត្ត ស្នងការរង មេញ្ជាការរងអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលគ្រប់បណ្តាស្រុក មេឃុំ ចៅសង្កាត់ និងមេភូមិផងនោះ លោក មៀច សុផាន់ណា បានបន្តថា ប្រទេសមានសន្តិភាព មានស្ថិរភាព មានសុវត្ថិភាពមានការអភិវឌ្ឍ សេដ្ឋកិច្ចរីកចម្រើនលើគ្រប់វិស័យទាំងអស់នេះ ដោយសារយុទ្ធសាស្រ្តនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចខិតខំប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្ត លៈបង់គ្រប់កាលៈទេសៈដើម្បីប្រជាជន ដើម្បីប្រទេសជាតិ។
លោក មៀវ សុផាន់ណា បានបន្តថា ដើម្បីឆ្លើយតបនឹងសន្តិភាព ស្ថិរភាពនយោបាយ ជូនសម្តេចតេជោ មន្ត្រីគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុកថ្នាក់មូលដ្ឋាន ត្រូវបំពេញកាតព្វកិច្ចតួនាទីបម្រើ ប្រជាពលរដ្ឋឲ្យបានល្អដោយមិនប្រកាន់និន្នាការនយោបាយប្រកាន់ពូជសាសន៍ ពណ៌សម្បុរណាមួយឡើយ។
លោកបានបន្តថា សមត្ថកិច្ចទាំងថ្នាក់ខេត្តស្រុក មូលដ្ឋានទាំងអស់ត្រូវបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានរហ័សទាន់ចិត្ត បង្ក្រាបរាល់បទល្មើស ជាពិសេសបទល្មើសគ្រឿងញៀនកុំឲ្យមានឲ្យសោះក្នុងមូលដ្ឋានរបស់ខ្លួន។ ម្យ៉ាងទៀត សមត្ថកិច្ចទាំងអស់ត្រូវមានក្រមសីលធម៌ល្អ គោរពតួនាទី ចេះសាមគ្គីគ្នាមានវិជ្ជាជីវៈបំពេញកាតព្វកិច្ចរបស់ខ្លួន នៅកៀកជាមួយប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា មានសន្តិភាព ភូមិឃុំមានសុវត្ថិភាព ប្រជាជនសុខសប្បាយ ហើយនាំមកនូវការកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យមានជីវភាពធូរធាផងដែរ៕