(ពោធិ៍សាត់)៖ លោក យឹម វិសិដ្ឋ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកភ្នំក្រវាញ តំណាងលោកបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុក និងលោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងការពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលមានឈ្មោះថា «មូលនិធិចក្ខុខ្មែរ» ដឹកនាំដោយលោក សៅ វណ្ណសិរីវុទ្ធ និងលោកស្រី ឡុង សុផល្លី ដែលប្រមូលផ្តុំ ដោយក្រុមគ្រូពេទ្យជនជាតិបរទេស បង្កើតឡើងដោយលោក ង៉ូវ ស្រ៊ុន អាណិកជនខ្មែរ រស់នៅប្រទេសអូស្រ្តាលី ដើម្បីពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋ។
ការពិនិត្យ និងព្យាបាលភ្នែក នាពេលនេះ មាន២ដំណាក់កាល រួមមាន៖
១៖ ការពិនិត្យ និងព្យាបាលបឋម៖ សម្រាប់អ្នកជំងឺ ដែលពិនិត្យឃើញថា មានបញ្ហាតិចតួច ក្រុមគ្រូពេទ្យអាចផ្តល់ថ្នាំ និងផ្តល់វ៉ែនតា
និង២៖ ការព្យាបាលដោយការវះកាត់៖ សម្រាប់អ្នកជំងឺដែលពិនិត្យឃើញថា មានបញ្ហាធ្ងន់ធ្ងរ ត្រូវធ្វើការវះកាត់ ដូចជា ភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន ក្រុមគ្រូពេទ្យ នឹងដាក់កម្មវិធីវះកាត់ជូនពួកគាត់ នៅរាជធានីភ្នំពេញ នៅពេលបន្ទាប់។
រាល់ការចំណាយ ពិនិត្យ និងព្យាបាលនៅរាជធានីភ្នំពេញ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំក្រវាញ ជាអ្នកទទួលបន្ទុកធានារ៉ាប់រងទាំងអស់ ជូនបងប្អូនប្រជាពលរដ្ឋ៕