(ស្វាយរៀង)៖ លោក ម៉ែន អេងអភិបាលរងខេត្តស្វាយរៀង បានថ្លែងថា វិស័យសុខាភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់។

ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្តស្វាយរៀង បានធ្វើឡើង ខណៈដែលលោកតំណាង លោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅ ប្រចាំឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

សន្និបាតនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រី ប្រធាន មន្ទីរពាក់ព័ន្ធនានា លោក-លោកស្រី អភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី ប្រធាន អនុប្រធាន អង្គភាពក្រោមឱវាទរបស់មន្ទីរសុខាភិបាលខេត្ត លោក លោកស្រី ប្រធាន និងតំណាងអង្គការដៃគូ និងសមាជិក សមាជិកា។

លោកបានថ្លែងបន្តទៀតថា សមិទ្ធផលសុខាភិបាលសង្ខេបឆ្នាំ២០២២ របស់លោកប្រធានមន្ទីរ បានបង្ហាញឲ្យយើងឃើញពីសមិទ្ធផលយ៉ាងច្រើនដែលមន្ទីរសុខាភិបាលសំរេចបាន ក្នុងការលើកកម្ពស់គុណភាព វិស័យសុខាភិបាល ក្នុងខេត្ត ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថា «រាជរដ្ឋាភិបាលកម្ពុជា បានតម្កល់ទុកសុខភាពប្រជាពលរដ្ឋ គឺជាកត្តាចម្បង សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស វឌ្ឍនភាពសង្គម និង សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព»

លោកបន្ថែមថា ដើម្បីជំរុញឲ្យវិស័យសុខាភិបាលក្នុងខេត្តទទួលបានជោគជ័យបន្ថែមទៀត មន្ទីរសុខាភិបាលត្រូវបន្តអនុវត្តកិច្ចការដូចខាងក្រោម៖

*ទី១៖ ត្រូវមានកិច្ចសហការឲ្យបានល្អ ជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តទិសដៅផែនការ ដែលបានដាក់ចេញ ប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគជ័យ ដែលបានកំណត់។
*ទី២៖ មន្ទីរសុខាភិបាលត្រូវខិតខំពង្រឹង និងលើកកម្ពស់គុណភាពសេវាទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន និងអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ។
*ទី៣៖ ទប់ស្កាត់ការរីករាលដាលវិលត្រឡប់នៃជំងឺកូវីដ-១៩ ដោយសហការណ៍ជាមួយអាជ្ញាធរដែនដី ស្រុក/ក្រុង ឃុំ/សង្កាត់ ភូមិ អង្គភាពនានាជុំវិញខេត្ត ដើម្បីស្រង់ស្ថិតិមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រៀបចំផែនការចុះចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជូនដល់ប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា។
*ទី៤៖ ត្រូវរៀបចំផែនការដោយបង្កើនវិភាជន៍ថវិកាជាតិ សម្រាប់ការថែទាំសុខភាពព្រមទាំងអភិវឌ្ឍន៍ ប្រព័ន្ធគាំពារសុខភាពសង្គមមួយដែលធានាថាប្រជាពលរដ្ឋគ្រប់រូបទោះមាន ឬគ្មានលទ្ធភាពបង់ថ្លៃសេវារស់នៅទីណាក៏ដោយត្រូវ ទទួលបានសេវាថែទាំសុខភាព និងមានគុណភាពនៅពេលត្រូវការ៕