(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសាវនាការការងារជាមួយគណៈប្រតិភូខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ផាម ធាន ងា (Pham Thien Nghia) អនុលេខាធិការ នៃគណៈកម្មាធិការបក្សខេត្តដុងថាប់ និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត (អភិបាលខេត្ត) និងគណៈប្រតិភូជាន់ខ្ពស់សរុបប្រមាណ២១រូប។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ឈានចូល ២៥៦៧ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។ លើសពីនេះទៀត ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ព្រមទាំងជាសក្ខីភាពដ៏មានសារសំខាន់នៃទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា និយាយជារួម ព្រមទាំងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសទាំងពីរ និយាយដោយឡែក។
នៅក្នុងឱកាសនៃជំនួបនោះ ភាគីរដ្ឋបាលខេត្តដុងថាប់ ក៏បានលើកសរសើរ និងអបអរសាទរចំពោះសមិទ្ធផលដែលព្រះរាជាណាចក្រកម្ពុជា និងរាជធានីភ្នំពេញសម្រេចបានក្នុងការរក្សាកំណើនសេដ្ឋកិច្ច ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងសុខសន្តិភាព ជាពិសេសការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។
ជាការឆ្លើយតប លោក នួន ផារ័ត្ន បានកោតសរសើរសមិទ្ធផលលេចធ្លោដែលខេត្តដុងថាប់ សម្រេចបាន ជាពិសេសលើវិស័យ កសិកម្ម ការចិញ្ចឹមត្រី និងពាណិជ្ជកម្ម។ លោកអភិបាលរងក៏បានឆ្លៀតថ្លែងអំណរគុណដល់ រដ្ឋបាលខេត្តដុងថាប់ ដែលបានជួយសម្រួលដល់ការសិក្សារៀនសូត្ររបស់និស្សិតកម្ពុជានៅទីនោះ និងបានគាំទ្រឱ្យរដ្ឋបាលខេត្តបន្តជំរុញលើវិស័យអប់រំនេះបន្ថែមទៀត។
រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តដុងថាប់ បានឯកភាពគ្នាក្នុងការបន្តជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាការបំពេញទស្សនកិច្ចរវាងគណៈប្រតិភូ នៃរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តដុងថាប់។ ជាមួយគ្នានោះ លោក ផាម ធាន ងា បានអញ្ជើញរដ្ឋបាលរាជធានីភ្នំពេញបំពេញទស្សនកិច្ចផ្លូវការនៅពេលខាងមុខផងដែរ៕