(កំពត)៖ រោងចក្រស៊ីម៉ង់ត៍ ស្រុកមន្ទាយមាស របស់ក្រុមហ៊ុនជីបម៉ុង រួមគ្នាជាមួយមន្ទីរបរិស្ថានខេត្តកំពត នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានចូលរួមលើកកម្ពស់បរិស្ថានអនាម័យ និងសោភណ្ឌភាពកាន់តែប្រសើរ តាមដងព្រែកកំពុងបាយ ចាប់ពីស្ពានឥណ្ណូចាស់ រហូតដល់តំបន់កោះស្មៅ ត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងចូលមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។

លោក ប៊ុន សោភា តំណាងក្រុមហ៊ុនជីបម៉ុង បានបញ្ជាក់ថា «ថ្ងៃនេះយើងទាំងអស់គ្នា ជាបុគ្គលគំរូ ដែលធ្វើសកម្មភាពបរិស្ថាន ហើយយើងទាំងអស់គ្នា មិនអាចពឹងទៅលើមន្ត្រីបរិស្ថានដែលបំពេញការងារមានចំនួនតិចតួច ដែលមិនធ្វើឲ្យបរិស្ថានស្អាតប៉ុណ្ណោះទេ អញ្ចឹងយើងទាំងអស់គ្នា ត្រូវជួយជ្រោមជ្រែងចូលរួមសម្អាតបរិស្ថាន ទើបបានបរិស្ថានយើងស្អាត សកម្មភាពនាពេលនេះ មិនមែនឲ្យស្អាតទាំងស្រុងសម្រាប់ខេត្តកំពតទេ គ្រាន់ជាសកម្មភាព មួយនាំសារទៅដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ អាជីវករ បំផុសឲ្យពួកគាត់មានសកម្មភាពយកចិត្តទុកដាក់ ផ្នែកអនាម័យបរិស្ថានទាំងអស់គ្នា»

លោកបន្តថា​ «យើងទាំងអស់គ្នា នាពេលនេះក៏ជាអ្នកនាំសារបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាថា បញ្ហាបរិស្ថានជាបញ្ហាកង្វល់សម្រាប់សង្គមជាតិយើងក៏ដូចជាពិភពលោកទាំងមូលផងដែរ ដែលមានការបម្រែបម្រួលអាកាសធាតុ ដែលនាំឲ្យមានផលប៉ះពាល់សុខភាព ដល់មនុស្សលោកផងដែរ»

ទន្ទឹមនេះ ក្រុមហ៊ុនជីបម៉ុង ក៏បានបង្កើតឡើងនូវកម្មវិធីមួយដែលមានឈ្មោះ ហៅថា «អ៉ី កូ សែក ខល» ដែលពាក់ព័ន្ធទៅនឹងការដុតសំរាមឲ្យខ្លាចជាឋាមពល ដោយប្រមូលយកសំរាមពីឧស្សាហកម្ម ដូចជា ដប ថង់ប្លាស្ទិកជាដើម ក៏អាចដុតបាន ហើយប្រេងដែលមានជាតិពុលដែលប្រើប្រាស់ក្នុងរោងចក្រផ្សេងៗក៏ក្រុមហ៊ុនយកទៅដុតបានផងដែរ ដែលជាសកម្មភាពមួយផ្នែកតូច ជួយទៅលើផ្នែកប៉ះពាល់បរិស្ថាន។

ក្នុងមួយឆ្នាំៗ​ ក្រុមហ៊ុនដុតបាន ៧២០០០តោណ។ ទាំងអស់នេះជាចំណែកមួយដែលក្រុមហ៊ុន មិនត្រឹមតែវិនិយោគទៅលើវិស័យផលិតកម្មស៊ីម៉ង់ត៍ ដើម្បីបម្រើតម្រូវការផ្នែកសាងសង់ អគារ មន្ទីរពេទ្យ សាលារៀន ផ្លូវ និងធនធានផ្សេងៗ តែក្រុមហ៊ុនបានបង្កើត និងចូលរួមទៅលើផ្នែកប៉ះពាល់ជុំវិញបរិស្ថានទៀតផង។

តំណាងក្រុមហ៊ុនរូបនេះ បានលើកឡើងទៀតថា «ទាំងនេះជាសកម្មភាព កាយវិការ ផ្លែផ្កាមួយ ហើយក៏ជាសារមួយដ៏ល្អ បញ្ញាក់អំពីស្មារតីគ្រប់បុគ្គលទាំងអស់ សំដៅរួមចំណែកគ្នា ក្នុងសកម្មភាពទេសចរណ៍ ប្រាក់ចំណូលក្នុង ខេត្តយើង សម្រាប់សម្រួលដល់ជីវភាព។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួបរួម សហការគ្នា ចូលរួមសកម្មសម្អាតអនាម័យបរិស្ថានឱ្យកាន់តែល្អប្រសើរឡើង»

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានប្រាប់ឲ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់បរិស្ថានអនាម័យ និងសោភ័ណភាពខេត្ត ឲ្យកាន់តែស្រស់ស្អាតនោះ មន្ទីរបរិស្ថាន សហការជាមួយ អាជ្ញាធរ ស្រុកទឹកឈូ និងក្រុងកំពត និងក្រុមហ៊ុនជីប ម៉ុង អុីនស៊ី ស៊ីមេនកំពត ធ្វើការរើសសំរាមនៅតាមដងព្រែក ពីចំណុចស្ពានឥទ្ទធនូ រហូតដល់តំបន់ឆ្នេរកោះស្មៅ។ លោកបានបញ្ជាក់ថា ក្នុងឱកាសចូលឆ្នាំថ្មី ដែលរដ្ឋបាលខេត្តរៀបចំកំពតសង្ក្រាន្តផងនោះ ក្រុមការងារបរិស្ថាន នៅតែបន្តសកម្មភាពរបស់ខ្លួនរហូតដល់ថ្ងៃចប់កម្មវិធី។

លោកប្រធានមន្ទីរបរិស្ថានខេត្ត បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ លោកបណ្ឌិត ម៉ៅ ធនិន ក្នុងការរៀបចំកម្មវិធីកំពតសង្ក្រាន្ត ដែលមកថ្ងៃនេះ ទិដ្ឋភាពជារួមក្នុងក្រុងកំពត មានភាពស្រស់ស្អាតល្អប្រសើរ និងបានអំពាវនាវ ប្រជាពលរដ្ឋ និងទេសចរមកកម្សាន្តខេត្តកំពត ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះឲ្យបានច្រើន ពិសេសត្រូវចូលរួមសម្អាតបរិស្ថានអនាម័យ ពិសេសការទុកដាក់សំរាម របស់ខ្លួនឲ្យបានត្រឹមត្រូវ៕