(ភ្នំពេញ)៖ មន្រ្តីរាជការសាលាខណ្ឌពោធិ៍សែនជ័យ បានធ្វើពិធីបុណ្យសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃចំនួន២៨អង្គ ដើម្បីសុំសេចក្ដីសុខចម្រុងចម្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

ពិធីនោះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅក្នុងសាលាខណ្ឌពោធិ៍សែនជ័យ ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកផ្ដើមបុណ្យនេះរួមមានលោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងភរិយា ព្រមទាំងសមាជិក សមាជិការក្រុមប្រឹក្សាខណ្ឌ, លោក សក់ កញ្ញារិទ្ធ អភិបាលខណ្ឌ និងភរិយា ព្រមទាំងមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលខណ្ឌ លោកអធិការ អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក- លោកស្រីប្រធានការិយាល័យជុំវិញខណ្ឌ លោក- លោកស្រីចៅសង្កាត់ ចៅសង្កាត់រង និងមន្រ្តីសង្កាត់ទាំង៧ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ គណៈកម្មការផ្សារទាំង៣និងអាជីវករ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជារៀងរាល់ឆ្នាំ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ តែងតែបានធ្វើពិធីបុណ្យសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃមិនដែលខាន ដើម្បីសុំសេចក្ដីសុខចម្រុងចម្រើនជូនមន្រ្តីរាជការ ជាពិសេសទៀតនោះ ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់ព្រលឹងវិញ្ញាណក្ខន្ធអតីតមន្រ្តីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុបម្រើជាតិមាតុភូមិនិងប្រជាជន។

ពិធីបុណ្យបានប្រព្រឹត្តទៅដោយសទ្ធាជ្រះថ្លា ក្រោមការសាមគ្គីភាពពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួម។ នៅក្នុងឱកាសនោះ អ្នកទាំងអស់គ្នាសុទ្ធតែបាននាំយកនូវចង្ហាន់ និងទេយ្យវត្ថុផ្សេងរៀងៗខ្លួន ទៅរាប់បាត្រប្រគេនដល់ព្រះសង្ឃចំនួន២៨អង្គ ទៅតាមកិច្ចនៃពិធីបុណ្យដែលបានរៀបចំឡើងនោះ៕