(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ក្រុមប្រឹក្សាខណ្ឌ សង្កាត់ នគរបាលប៉ុស្តិ៍ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល និងលោកស្រី ឥន លីម្មី, លោក ឌី រ័ត្នខេមរុណ និងលោកស្រី នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្មលើករាសី សុំសេចក្តីសុខ ចំរុងចំរើន ពីទេវត្តាឆ្នាំថ្មី និងសូមឲ្យតាមជួយបីបាច់ថែរក្សា និងសម្តែងរបាំត្រុដិ បណ្តេញឧបទ្រពចង្រៃ ទាំងឡាយទាំងពួង សូមអោយគ្រប់សកម្មភាពការងារ និងរបររកទទួលទានទាំងឡាយ បានទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងរាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសល្យផលបុណ្យ ដល់បុព្វការីជនទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។

លោក ថេង សុថុល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ លោក ព្រមទាំងមន្រ្តីចៅសង្កាត់ តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃ នៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកអភិបាល បានសម្ដែងមោទកភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយនេះ ជារៀងរាល់ឆ្នាំ ហើយវាជាគុណតម្លៃរបស់ ដែលតែងតែបានយកចិត្តទុក ដាក់ប្រតិបត្តិជានិច្ច ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក។

លោកអភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌ៧មករាទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ចៀសវាងការលេងប៉ាតម្សៅ ជះទឹកដាក់គ្នា ព្រោះនេះមិនមែនជាប្រពៃណីខ្មែរទេ និងត្រូវមានការប្រុងប្រយ័ត្ន នូវរាល់ភ្លើងធូបទៀន គ្រោះអគ្គិភ័យ ជាយថាហេតុ។

សង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់វេលាម៉ោង៤រសៀល នៅថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដោយមានរយៈពេល ៣ ថ្ងៃ៕