(ភ្នំពេញ)៖ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP បានរៀបចំកម្មវិធីជួបជុំជាមួយវិស័យឯកជនជាលើកដំបូង ក្នុងគោលបំណង ដើម្បីបង្ហាញជូនវិនិយោគិនទាំងអស់អំពីឱកាសសម្រាប់វិនិយោគលើវិស័យអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ការពារធម្មជាតិ នៃតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។
កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានអង្គភាពអនុវត្តគម្រោង និងមន្រ្តីអនុវត្តន៍គម្រោង រួមជាជាមួយនឹងមានការចូលរួមពីតំណាងក្រសួងពាក់ពាន់ តំណាងស្ថានទូត តំណាងវិស័យឯកជន និងភ្ញៀវជាតិ អន្តរជាតិសំខាន់ៗ ជាច្រើនរូបទៀត នៅភោជនីយដ្ឋាន Waterside រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
ថ្លែងនៅក្នុងកម្មវិធីនេះ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គភាពគម្រោង បានលើកឡើងថា CSLEP នឹងបង្កបរិយាកាសអំណោយផលដល់វិស័យឯកជន ដើម្បីចូលរួមវិនិយោគអភិវឌ្ឍន៍ អេកូទេសចរណ៍ និងភាពជាដៃគូររវាងរដ្ឋនិងឯកជន ក៏ដូចជាជាមួយសហគមន៍មូលដ្ឋាន។
លោករដ្ឋលេខាធិការ បានបន្ថែមថា៖ «ការជួបជុំនាពេលនេះ គឺដើម្បីបង្កបរិយាកាសជូនដល់វិស័យឯកជនឱ្យបានជ្រួតជ្រាប និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានតាមរយៈការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាពិសេសតាមរយៈការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិដ៏មានសក្ដានុពលរបស់យើង»។
តាមរយៈបទពិសោធន៍នានាលើទីផ្សារទេសចរណ៍ឈរលើមូលដ្ឋានធម្មជាតិបានបង្ហាញថា ការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍអេកូទេសចរណ៍ នឹងបង្កើតបាននូវឧត្តមភាពប្រកួតប្រជែង ការអភិវឌ្ឍសេវាអេកូទេសចរណ៍ដែលមានគុណភាពខ្ពស់ និងបង្កើនសក្ដានុពលជំរុញវិស័យអេកូទេសចរណ៍ឱ្យក្លាយជាចុល្លករ សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។
បន្ថែមលើនេះ ក៏មានការធ្វើបទបង្ហាញអំពីដំណើរការការសាងផ្លូវទស្សនាចរណ៍សម្រាប់អ្នកទេសចេរណ៍ថ្មើរជើងនៅតាមតំបន់ការពារធម្មជាតិជាសំខាន់ក្នុងប្រទេសកម្ពុជា ដែលគម្រោងបានជ្រើសរើសយកភ្នំគូលែននៃខេត្តសៀមរាបជាទីតាំងទីមួយនៃដំណើការអភិវឌ្ឍផ្លូវប្រភេទនេះ ដោយបានគិតគូពីគុណភាព និងស្តង់ដាអន្តរជាតិ Green Flag Trails ផងដែរ។
មកទល់បច្ចុប្បន្ននេះ កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិបានចំនួន៧៣តំបន់ និងរបៀងអភិរក្សជីវៈ ចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរនិង របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ)។
តំបន់ទាំងនេះ មានផ្ទៃដីសរុបប្រមាណជា៧.២ លានហិកតាស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ ផ្ទៃដីដ៏ធំធេងនេះ តម្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រង និងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គម ប្រកបដោយស្មារតីទទួលខុស ត្រូវ និងធានាឱ្យមាននិរន្តរភាព។
តំបន់ការពារធម្មជាតិទាំងអស់នេះ មានសក្ដានុពលយ៉ាងធំធេងសម្រាប់លើកកម្ពស់និងជម្រុញ វិស័យ ទេសចរណ៍ ជាពិសេសអេកូទេសចរណ៍ ដែលក្នុងនោះមាន៖ ទេសភាពធម្មជាតិស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ជីវៈចម្រុះ ព្រៃឈើ សត្វព្រៃ សត្វស្លាប ទឹកធ្លាក់ ឆ្នេរ និងកោះស្រស់ស្អាត តំបន់បេតិកភ័ណ្ឌធម្មជាតិ និងវប្បធម៌ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ និងប្រកបដោយនិរន្តរភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅកម្សាន្ត។
គួរបញ្ចាក់ដែរថា ដើម្បីពង្រឹង និងជួយសម្រួលដល់ការចូលរួមពីសំណាក់វិស័យឯកជនក្នុងការវិនិយោគអភិវឌ្ឍតំបន់ អូកូទេសចរណ៍ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ។ សៀវភៅនេះក៏បានចែកជូនដល់អ្នកចូលរួមទាំងអស់ក្នុងកម្មវិធីនេះផងដែរ។
CSLEP ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍជនបទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកល និងរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលមាននឹងកំពុងអនុវត្តយ៉ាងសកម្មលើខេត្តគោលដៅចំនួន ៧រួមមាន៖ កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕