(ម៉ានីល)៖ ប្រធានាធិបតីដែលទើបឡើងកាន់តំណែងជាផ្លូវការបាន ១០ថ្ងៃរបស់ប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើត (Rodrigo Duterte) បានចោទប្រកាន់អាមេរិកចំៗ ថាជាអ្នកនាំចូលអំពើភេរវកម្ម និងសាបព្រួស ពាសពេញតំបន់មជ្ឈិមបូព៌ា ដែលបាន និងកំពុងបង្កអំពើហិង្សា និងការវិនាសហិនហោច យ៉ាងខ្លាំងនៅទីនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០១៦។
ការថ្លែងរបស់លោក ឌូធើត ខាងលើនេះបានធ្វើឡើងនៅក្នុងជំនួបជាមួយ នឹងមេដឹកនាំក្រុមម៉ូស្លីម នៅក្នុងទីក្រុង Davao ដែលជាស្រុកកំណើត និងទីដែលលោក ទទួលបានបទពិសោធន៍ដឹកនាំរហូត មានប្រជាជនគាំទ្រក្លាយជាប្រធានាធិបតីនោះ។ លោកប្រធានាធិបតីរូបនោះបានបន្តថា ដោយសារតែអំពើភេរវកម្ម រីកសាយភាយពី មជ្ឈិមបូព៌ានោះហើយ ទើបតំបន់ផ្សេងៗទៀតនៅលើសកលលោក បានចាប់ផ្តើមទទួលរងគ្រោះថ្នាក់ ដោយសូម្បីតែទ្វីបអាមេរិកខ្លួនឯង ក៏មិនអាចគេចផុតពីគ្រោះថ្នាក់នោះបានដែរ។
សូមជំរាបថា នៅរសៀលថ្ងៃទី០៩ ខែកក្កដានេះក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសថា កម្ពុជានឹងមិនចូលរួមក្នុងការបញ្ចេញជំហររួមណាមួយចំពោះ សាលដីការបស់តុលាការអន្តរជាតិ លើវិវាទរវាងប្រទេសហ្វីលីពីន និងប្រទេសចិននោះទេ ដោយនេះជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរការរបស់តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ នៅទីក្រុងឡាអេ ដែលគ្រោងនឹងប្រកាសនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ខាងមុនេះ៕