(ពោធិ៍សាត់)៖ ក្រសួងបរិស្ថាន និងអង្គការ WWF នឹងរៀបចំដាក់ប្រឡៅករលើសត្វដំរីព្រៃ ដើម្បីតាមដានការបម្លាស់ទី និងប្រមូលទិន្នន័យសម្រាប់ការងារអភិរក្ស និងសិក្សាប្រភេទ DNA របស់សត្វដំរីព្រៃរបស់កម្ពុជា។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៧ ខែមេសា ២០២៣ នៅមន្ទីរបរិស្ថានខេត្តពោធិសាត់។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន បាននឹងកំពុងសហការជាមួយអង្គការ WWF លើការដាក់ប្រឡៅ ករលើសត្វដំរីព្រៃ ដើម្បីធ្វើការតាមដានការបម្លាស់ទីរបស់សត្វដំរី នៅតំបន់ការពារធម្មជាតិ។ ការដាក់ប្រឡៅករលើសត្វដំរី គឺដើម្បីឲ្យដឹងថាសត្វដំរីទាំងអស់នោះ ធ្វើដំណើរបម្លាស់ទីទៅកន្លែងណាខ្លះ និងដើម្បីប្រមូលឱ្យមានលទ្ធភាព គ្រប់គ្រាន់ សម្រាប់ការពារ និងអភិរក្ស។ លើសពីនេះក៏ដើម្បីធ្វើការសិក្សាពីប្រភេទ DNA របស់សត្វដំរីព្រៃរបស់កម្ពុជា និងការសិក្សាផ្សេងៗ លើបញ្ហាជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានកត់សំគាល់ឃើញថា បទល្មើសនៃការ បរបាញ់សត្វដំរី នៅក្នុងតំបន់ជួរភ្នំក្រវាញ លែងមានទៀតហើយ ប៉ុន្តែបញ្ហាចម្បង នៅតែជាបញ្ហាប្រឈមចំពោះសត្វដំរីព្រៃ គឺអន្ទាក់។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្រាប់ផែនការសកម្មភាពអភរិក្សដំរីព្រៃ គឺមានការរៀបចំរួមគ្នារវាងក្រសួងបរិស្ថាណន អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI), អង្គការអភិរក្សសកលប្រចាំកម្ពុជា (CI), អង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF), អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA), អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)។ ដោយយោងតាមការប៉ាន់ស្មាននៅក្នុងការចំណាយទៅលើផែនការអភិរក្សសត្វដំរីរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ គឺគម្រោងនឹងចំណាយថវិកាប្រមាណ៤០.៥លានដុល្លារ។

ចំពោះមុខនៃការគំរាមកំហែងសត្វដំរីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន៧ ក្នុងនោះរួមមានទី១៖ ការកាត់បន្ថយការបាត់បង់ទីជម្រក, ទី២៖ អភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ, ទី៣៖ ពង្រឹងការអនុវត្តន៍ច្បាប់, ទី៤៖ បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម, ទី៥៖ បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស ទី៦៖ អប់រំផ្សព្វផ្សាយ និងទី៧៖ សិក្សាស្រាវជ្រាវ និងតាមដានត្រួតពិនិត្យចំនួនដំរីអាស៊ី។ តាមរយៈផែនការសកម្មភាពនេះ ក្រសួងបរិស្ថាន និងអង្គការដៃគូ បានរកឃើញថាដំរីចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់មួយចំនួនឡើងវិញដូចជានៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាដើម។

បើតាមលោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីប្រចាំអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) បានឱ្យដឹងថា ដំរីព្រៃ ត្រូវបានចាត់ទុកជាអ្នកនាំពូជរុក្ខនានា ឱ្យដុះតាមព្រៃធម្មជាតិ តាមការបន្ទោរបង់លាមក។

លោកបានបន្ថែមថា សម្រាប់ឆ្នាំ២០២២ តាមរយៈរូបភាពបង្ហាញពីកាំមេរ៉ាស្វយប្រវត្តិមានដំរីព្រជាច្រើន មានសុខភាពល្អ ប៉ុន្តែ មានបញ្ហាមួយដែលធ្វើឱ្យអ្នកអភិរក្សមានព្រួយបារម្ភឃើញមានដំរីព្រៃជាច្រើនជើងជាប់អន្ទាក់ ដែលជាក្តីព្រួយបារម្ភចំពោះបញ្ហានេះ។

នាយកកម្មវិធីប្រចាំអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) រូបនេះ បានបង្ហាញក្តីសង្ឃឹមថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យនៅតាមតំបន់ធនធានជាធម្មជាតិនេះ នឹងក្លាយជាក្តីសង្ឃឹមជាថ្មីបន្ថែមទៀត សម្រាប់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសហ្វូងសត្វដំរីព្រៃ។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានសត្វដំរីអាស៊ីចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលកំពុងរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី និងរតនគីរី។ ចំណែកដំរីស្រុក មានប្រមាណ៧០ក្បាល។

ក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តថានឹងការពារសត្វដំរីក្នុងប្រទេសកម្ពុជា ពីការ គំរាមកំហែងរបស់មនុស្ស ដោះស្រាយជម្លោះរវាងមនុស្ស និងសត្វដំរី និងការពារព្រៃ អភិរក្សតំបន់ការពារធម្មជាតិ ដើម្បីផ្តល់ជម្រកសុវត្ថិភាពសម្រាប់សត្វដំរី អាស៊ី។ ជាមួយគ្នានេះ ក្រសួងបរិស្ថាបានដាក់ចេញផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យគង់វង្ស រយៈពេល១០ឆ្នាំ ពី២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់បញ្ហាអាទិភាពចំនួន៦។ ក្នុងនោះរួមមាន ការកាត់បន្ថយការបាត់បង់ទីជម្រក អភិរក្សនិង តភ្ជាប់ច្រករបៀង និងហ្វូងដំរីឡើងវិញ ពង្រឹងការអនុវត្តច្បាប់ បង្ការមិនឱ្យមានការចាប់សត្វដំរីព្រៃមកចិញ្ចឹម អប់រំផ្សព្វផ្សាយ និងកដាក់ចេញសកម្មភាពយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាទាំងនោះ៕