(ភ្នំពេញ)៖ បើតាមសេចក្តីប្រកាសព័ត៌មានរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) ស្តីពីកម្ពុជាបង្ហាញសមិទ្ធផលសុខាភិបាល ក្នុងពិធីអបអរសាទរគម្រប់ខួបលើកទី៧៥ របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា អាយុរំពឹងរស់បានកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២១-២០២២ អាយុរំពឹងរស់សម្រាប់ប្រជាជនម្នាក់ៗ គឺ៧៦ឆ្នាំ។
នៅសេចក្តីប្រកាសព័ត៌មានរួមនេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងដូចនេះថា «ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលសុខភាពគួរឱ្យកត់សម្គាល់ជាច្រើន នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយបានសង្គ្រោះអាយុជីវិតប្រជាជន និងធ្វើឱ្យសុខភាពរបស់ប្រជាជនកាន់តែប្រសើរឡើង។ អាយុរំពឹងរស់បានកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជា ហើយគិតត្រឹមឆ្នាំ២០២១-២០២២ អាយុរំពឹងរស់សម្រាប់ប្រជាជន ម្នាក់ៗ គឺ៧៦ឆ្នាំ។ នាពេលបច្ចុប្បន្នស្ត្រីកម្ពុជាជាង ៩៩% បានសម្រាលកូនដោយអ្នកផ្តល់សេវាសុខភាពជំនាញ ដែលជាតួលេខមួយកើនឡើងបើធៀបនឹងឆ្នាំ២០០០ ដែលមានតែស្ត្រីតែម្នាក់ ក្នុងចំណោមស្ត្រីបីនាក់ ប៉ុណ្ណោះដែលសម្រាលកូនជាមួយនឹងអ្នកផ្តល់សេវាសុខភាពជំនាញ»។
សេចក្តីប្រកាសព័ត៌មានរួមបានឱ្យដឹងទៀតថា នៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ អត្រាមរណភាពទារកទើបនឹងកើតបានធ្លាក់ចុះយ៉ាងឆាប់រហ័ស គឺពី ៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១០០០ កំណើតរស់ ហើយអត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំបានធ្លាក់ចុះយ៉ាងឆាប់រហ័សដែរ គឺពី ១២៤នាក់ មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០ កំណើតរស់។ អត្រានេះរាប់បញ្ចូលទាំងការថយចុះជាង ៥០% នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២១-២០២២ ដែលអត្រាថយចុះនេះលឿនជាងចំនួនមធ្យមភាគជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់កម្ពុជា រហូតដល់ប្រាំបីឆ្នាំ មុនកាលបរិច្ឆេទកំណត់។
ប្រទេសកម្ពុជា បានលុបបំបាត់ជំងឺស្វិតដៃជើងដោយជោគជ័យនៅក្នុងឆ្នាំ១៩៩៧ ហើយក៏សម្រេចបាននូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់ក្នុងការបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ជំងឺឆ្លងផ្សេងៗផងដែរ។ ចំនួនករណីរាយការណ៍នៃជំងឺគ្រុនចាញ់ដោយ falciparum គឺមានកម្រិតទាបបំផុតដែលមិនធ្លាប់មានពីមុនមក ហើយបានកើតមានឡើងរយៈពេល ប្រាំឆ្នាំចាប់តាំងពីពេលមានករណីកត់ត្រានៃការស្លាប់ដោយសារជំងឺគ្រុនចាញ់ចុងក្រោយ នៅឆ្នាំ២០១៨។ អត្រាឆ្លងនិងអត្រាមរណភាពដោយជំងឺរបេងបានថយចុះប្រមាណ ៥០% ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ហើយកម្ពុជាសម្រេចបាននូវគោលដៅកាត់បន្ថយជំងឺអេដស៍ជាសកល មុនកាលកំណត់។
កម្ពុជា និង WHO បានឱ្យដឹងទៀតថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាត្រៀមលក្ខណៈបានយ៉ាងមានប្រសិទ្ធភាព និងបានឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខសុខភាពនិងគ្រាអាសន្ន ជាពិសេស គឺជំងឺរាតត្បាតសកលកូវីដ-១៩ តាមរយៈការពង្រឹងប្រព័ន្ធអង្គេត តាមដាន និងប្រព័ន្ធឆ្លើយតប សមត្ថភាពមន្ទីរពិសោធន៍ និងវិធានការសុខភាពសាធារណៈ និងសង្គម។ កាន់តែពិសេសជាងនេះ កម្ពុជាសម្រេចបាននូវអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់ និងធានាបានការបន្តផ្តល់សេវាសុខភាពសារវ័ន្ត និងការផ្តល់ជំនួយគាំពារសុខភាពផ្លូវចិត្ត និងចិត្ត-សង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលត្រូវការជាចាំបាច់នៅក្នុងគ្រាមានភាពតានតឹងផ្លូវចិត្ត និងវិបត្តិកើតឡើង៕