(រតនគិរី)៖ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឌុច ចាន់តូ អភិបាលរងខេត្តតំណាង លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពីធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២២ របស់ស្នងការនគរបាលខេត្តរតនគិរី និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក កឹង ឃន ក៏បានថ្លែងអបអរសាទរ និងសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការនគរបាលខេត្ត និងកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ និងគ្រប់ផ្នែកយកអស់កម្លាំងកាយចិត្ត លះបង់នូវពេលវេលា បំពេញការងារដោយមិនគិតពីការនឿយហត់ អនុវត្តតួនាទីភារកិច្ច ប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតីអត់ធ្មត់ និងសាមគ្គីភាពផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផលលេចធ្លោវិជ្ជមានជាច្រើន នៅក្នុងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឆ្នាំ២០២២កន្លងទៅ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្ថែមថា ទោះបីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានបញ្ហាប្រឈមមួយចំនួន លេចឡើងស្មុគស្មាញជាពិសេស ឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងក្នុងការបំផុសបំផុលចលនា ក្នុងចេតនានាំឲ្យមានចលាចលក្នុងសង្គម រួមជាមួយនឹងការកើតមានឡើងនូវបទល្មើសផ្សេងៗ ក៏កងកម្លាំងនគរបាលនៅតែសម្រេចបានក្នុងការធានានូវរបៀបរៀបរយ សន្តិសុខ សុវត្ថិភាព ស្ថិរភាព នយោបាយ និងសណ្តាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ។

អគ្គស្នងការរងនគរបាលជាតិ រូបនេះបន្តទៀតថា តាមរយៈអង្គសន្និបាតរយៈពេល១ថ្ងៃដ៏មានសារៈសំខាន់នេះ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍ លើប្រធានបទគន្លឹះមួយចំនួន ពីកងកម្លាំងពាក់ព័ន្ធផងនោះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ធ្វើឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងខេត្តរតនគិរី និងការអនុវត្តទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ពីសំណាក់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាពថែមទៀត។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក កឹង ឃន បានសង្កត់ធ្ងន់ថា គ្រប់មន្ត្រីត្រូវស្វែងរកចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួនឲ្យឃើញ ដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួនទៅថ្ងៃក្រោយ។ សម្រាប់ខេត្តរតនគិរីឆ្នាំនេះ មានព្រឹត្តិការណ៍ធំៗមួយចំនួនដូចជា៖ សង្ក្រាន្តរតនគិរី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដូច្នេះសូមឲ្យកងកម្លាំងនគរបាលត្រូវរៀបចំឲ្យបានស្រេចបាច់ជាមុន នូវផែនការសកម្មភាព និងវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃព្រឹត្តិការណ៍ទាំងនេះឲ្យបានល្អប្រសើរ៕