(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងលោកឧត្តមសេនីយ៍ត្រី ផាំ វ៉ាន់រុឹម មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅអាគារទីបញ្ជាការផ្នែកសឹករងតាំងគោក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមជំនួយឧបត្ថម្ភរបស់ខណ្ឌទី១០ នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ។
បើតាមលោកវរសេនីយ៍ត្រី សេង សូត្រ មេបញ្ជាការផ្នែកសឹករងតាំងគោក បានឱ្យដឹងថា ការសាងសង់ទីបញ្ជាការផ្នែកសឹករងតាំងគោកនេះ ដែលមានទំហំ២០០ម៉ែត្រការ៉េ ធ្វើពីបេតុង ប្រក់ក្បឿង មានបន្ទប់ធ្វើការរបស់មេបញ្ជាការ និងសាលប្រជុំ ដែលបានចំណាយថវិកាសាងសង់ចំនួន ៤៥,៦៦៦ដុល្លារ ដែលជាជំនួយឧបត្ថម្ភរបស់ខណ្ឌទី១០ ដែលជាដៃគូសហប្រតិបត្តិការជាមួយផ្នែកសឹករងតាំងគោក។
ថ្លែងនាឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណដល់ភាគីមិត្តនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដែលបានជួយសាងសង់អាគារស្នាក់នៅនិងធ្វើការងារជូនដល់អង្គភាពផ្នែកសឹករងទាំង៩ និងកងវរសេនាតូចទាំងពីរ ព្រមទាំងសាងសង់អគារនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ ដែលសរុបអគារទាំងអស់មានចំនួន១៣ខ្នង រួចមកហើយ។
នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ផាំ វ៉ាន់រុឹម និងឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានចែកជូនអំណោយអនុស្សាវរីយ៍ ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីសម្ពោធនេះចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុងមួយ នឹងបានដាំដើមឈើជានិមិត្តរូប ព្រមទាំងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអាគារផ្នែកសឹករងតាំងគោក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនេះផងដែរ៕