(ស្វាយរៀង)៖ លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុមបាវិត និងលោក លឹម សៀងហេង អភិបាលក្រុងបាវិត រួមនិងកងកម្លាំងទាំងបី មន្ត្រីរាជការក្រុង នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាពជាមួយស្រុកជាប់ព្រំដែន រវាងក្រុងបាវិត និងស្រុកបេនកូវ និងទីរួមខេត្តត្រាំងបាង ប្រទេសវៀតណាម និងរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ គ.ស២០២៣ ។

ពិធីអបអរសាទរចូលឆ្នាំថ្មីនេះ ដែរក៏មានការចូលរួមជូនពរពីភាគីវៀតណាមលោក វ៉ វ៉ន់យុង លេខាបក្សថ្មីមុខេត្តត្រាងបាង, លោក ហូ វ៉ន់ហុង អនុអចិន្ត្រៃយ៍គណបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីរួមខេត្តត្រាងបាង,លោក គ្រឹង ទឿងង៉ុក ប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្តត្រាងបាងនិងគណៈប្រតិភូជាច្រើនរូបទៀតផងដែរ។

លោក លឹម សៀងហេង ជំនួសមុខឲ្យក្រុមប្រឹក្សាក្រុង និងអាជ្ញាធរក្រុងបាវិត និងក្នុងនាមលោកផ្ទាល់ ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះវត្តមាន គណៈប្រតិភូស្រុកបេនកូវ និងទីរួមខេត្តត្រាងបាង ដែលបានចំណាយពេលវេលាអញ្ជើញចូលរួម និងបានញ៉ាំងឲ្យបរិយាកាសនៅក្នុងពិធីទាំងមូល កាន់តែមានភាពអធឹកអធម និងបានបង្ហាញឱ្យឃើញពីភាពរឹងមាំ ការរីកចម្រើនទៅមុខជាលំដាប់ និងឥតឈប់ឈរនូវចំណងសាមគ្គីភាព មិត្តភាពពោពេញដោយស្នាមញញឹម ក្តីសង្ឃឹមនិងកិច្ចសហប្រតិបត្តិការល្អ រវាងក្រុងបាវិត ជាមួយស្រុកបេនកូវ និងទីរួមខេត្តតាងបាងយើង។

លោកបានបន្ថែមថា ក្រុងបាវិត ជាក្រុងមួយក្នុងចំណោមក្រុង ស្រុកទាំង៨ របស់ខេត្តស្វាយរៀង មានទីតាំងស្ថិតនៅខាងកើតទីរួមខេត្តស្វាយរៀង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ មានផ្ទៃដីរួមចំនួន២០៦.៦៩ គីឡូម៉ែតក្រឡា មាន០៥សង្កាត់ ចែកចេញជា៣៥ភូមិ មានប្រជាពលរដ្ឋរួមចំនួន ១២,៥៩៣ គ្រួសារ មនុស្សរួមចំនួន ៥៥,៦៧២ នាក់ ស្រី២៩,៨៦៥ នាក់ អាយុ១៨ឆ្នាំឡើងចំនួន៣៧,៥៥៤នាក់។

លោកបានបន្តថា ចំពោះការងារសន្តិសុខមានលក្ខណៈល្អប្រសើរ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានយកចិត្តទុកដាក់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម និងបានយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព នៅក្នុងមូលដ្ឋានក្រុងបាវិត ដើម្បីទប់ស្កាត់បង្ការបង្ក្រាបនូវ បទល្មើសនានាដូចជា បង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ចោលួច ឆក់ ប្លន់ និង ក្មេងទំនើង និងការរិតបន្តឹងនូវការអនុវត្តច្បាប់ចរាចរផ្លូវគោក។

លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឲ្យកម្ពុជា មានសុខ សន្តិភាព និងមានការរីកចម្រើនឡើងគួរជាទីមោទនះ ដែលធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាព ធូរធារល្អប្រសើរជាងមុន។ ជាក់ស្ដែងក្នុងក្រុងបាវិត មានក្រុមហ៊ុនពាណិជ្ជកម្ម ឧស្សាហកម្ម និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧កន្លែង មានរោងចក្រក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៩២រោងចក្រកំពុងដំណើរការមានបុគ្គលិក កម្មករបម្រើការងារប្រមាណជាង៥ម៉ឺននាក់ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋបានរីកចម្រើនឡើងជាលំដាប់។

ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ត្រូវបានកសាង និងជួសជុលកែលម្អជាបន្តបន្ទាប់។វិស័យកសិកម្ម ក្រុងបានជំរុញ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំ ដំណាំគ្រប់ប្រភេទ ។ជាមួយគ្នានេះដែរតំណាងឲ្យអាជ្ញាធរក្រុងបាវិត សូមថ្លែងអំណរគុណដល់ភាគីជាមិត្តដែលជានិច្ច ជាកាលតែងតែជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋខ្មែរដែលមានជំងឺ ហើយត្រូវឆ្លងទៅ ព្យាបាលជំងឺនៅប្រទេសវៀតណាម និងបានជួយអន្តរាគមន៍សហការផ្ដល់រថយន្តពន្លត់អគ្គីភ័យ នៅពេលមាន អគ្គីភ័យកើតឡើងនៅតាមព្រំដែនក្នុងក្រុងបាវិត។

លោកអភិបាលក្រុងបាវិត ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុខមាំថា ចំណងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយឡែកក្រុងបាវិត ស្រុកឃេនកូវ និងទីរួមខេត្តគ្រោងបាង ក៏ទទួលបានលទ្ធផលវិជ្ជមានប្រកបដោយផ្លែផ្កាផងដែរ ដែលជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការ ពង្រឹងចំណងសាមគ្គីភាព ឲ្យកាន់តែរឹងមាំទ្វេឡើងឆ្ពោះទៅការសម្រេចរួមគ្នានូវការកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហការប្រតិបត្តិការ និងការអភិវឌ្ឍ៕