(កំពង់ធំ)៖ ដោយមានការយក​ចិត្ត​ទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ និងមានការណែនាំចង្អុលបង្ហាញពីបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខ និងចែកជូនលោកយាយ លោកតាចាស់ជរា ជនពិការ អ្នកមានជំងឺ ព្រមទាំងគ្រួសារមានជីវភាពលំបាកចំនួន ២០ គ្រួសារ នៅភូមិថ្មី ភូមិសាលាឃុំ ភូមិនាងល្អ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

ថ្លែងនាឱកាសនោះ លោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋ និងបានអះអាងថា ទោះបីជាសម្តេចមិនបានមកផ្ទាល់ដោយសារមានកិច្ចការមមាញឹកក្នុងកិច្ចការ ក៏សម្តេចបានជំរុញឲ្យមន្រ្តីក្រោមឱវាទ ជាពិសេសអាជ្ញាធរមូលដ្ឋានឧស្សាហ៍ចុះដល់ផ្ទះប្រជាពលរដ្ឋ ដែលជួបការលំបាក ហើយនាំគ្នាជួយដោះតាមលទ្ធភាព ហើយនិងរាយការណ៌ជូនករណីហួសពីសមត្ថភាពខ្លួន។

លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា ការចុះសួរសុខទុក្ខដោយផ្ទាល់នេះ គឺដើម្បីពិនិត្យស្ថានភាពផ្ទាល់ពីជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកទៅដល់ប្រជាជនទាំងអស់ ពិសេសចាស់ជរាគ្មានទីពឹង ជនពិការភាព សូមឲ្យបន្តថែទាំសុខភាពជាប្រចាំ។ ថ្វីត្បិតតែអំណោយទាំងនេះមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី និងលើកទឹកចិត្តឱ្យពលរដ្ឋបន្តការប្រកបរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដាំដំណាំ ចិញ្ចឹមសត្វ ក្នុង​គោលបំណង​កាត់​បន្ថយ​នៃការ​ចំណាយថវិកា​ពី​ការទិញមកពីខាង​ក្រៅ​ អ្វី​ដែល​សំខាន់​បន្លែ​ទាំង​នោះ​គ្មាន​ជាតិ​គីមី​មិន​ប៉ះ​ពាល់​សុខភាព​ថែម​ទៀត​ផង។

លោកក៏សំណូមពរឱ្យអាជ្ញារធរចាត់ទុកប្រជាពលរដ្ឋដូចជាបងប្អូន ពុកម៉ែរបស់ខ្លួន ស្ម័្រគចិត្តបំរើគ្រប់ពេលវេលានិង​គ្រប់​កាលៈទេសៈ​បន្ថែមពីនេះទៀត និងបានក្រើនរំលឹកដល់អាជ្ញាធរភូមិ ឃុំ មន្រ្តីនគរបាលចូលរួមការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងឳកាសបុណ្យចូលឆ្នាំ ជាពិសេសទប់ស្កាត់កុំឱ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីបង្ការបទល្មើសនានាដែលបង្កដោយសារល្បែងស៊ីសង។

សូមជម្រាបដែរថា អំណោយដែលចែកជូនមាន ២០គ្រួសារដោយ ១គ្រួសារទទួលបាននូវ​ អង្ករ ២៥គីឡូ មី ១កេស ទឹកស៊ីអ៉ីវ១យួ ទឹកត្រី១យួ៕