(ភ្នំពេញ)៖ និយ័តករសន្តិសុខសង្គម ដែលជាស្ថាប័នក្រោមឱវាទ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធ្វើនិយ័តកម្ម និងការត្រួតពិនិត្យប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា» នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងតួអង្គពាក់ព័ន្ធនានាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសលើមុខងារនិងភារកិច្ច និងសមត្ថកិច្ចរបស់និយ័តករសន្តិសុខសង្គម និងកាតព្វកិច្ចរបស់ប្រតិបត្តិករសន្តិសុខសង្គម និងតួអង្គពាក់ព័ន្ធក្នុងកិច្ចដំណើការនៃការធ្វើនិយ័តកម្ម និងការត្រួតពិនិត្យប្រតិបត្តិការរបបសន្តិសុខសង្គមនៅកម្ពុជា។
សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពីតំណាងនិយ័តករ ក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រសួង-ស្ថាប័នពាក់ព័ន្ធ, បេឡាជាតិសន្តិសុខសង្គម, តំណាងនិយោជក និងនិយោជិត, មូលដ្ឋានសុខាភិបាលឯកជន និងវិស័យឯកជននានា។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនិយ័តករសន្តិសុខសង្គម បានថ្លែងថា ដោយសារការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមនៅមានភាពថ្មីថ្មោង ស្ថាប័ននិយ័តករសន្តិសុខសង្គមជាស្ថាប័នថ្មី និងកិច្ចការ និយ័តកម្ម និងការត្រួតពិនិត្យរបបសន្តិសុខសង្គមជាកិច្ចការថ្មី ដូចនេះការពង្រឹង និងការលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន និងសមាជិក (ទាំងនិយោជក និងនិយោជិត) នៃរបបសន្តិសុខសង្គម, ប្រតិបត្តិករសន្តិសុខសង្គម និងតួអង្គពាក់ព័ន្ធគឺមានភាពចាំបាច់ខ្លាំង។ ការលើកកម្ពស់ការយល់ដឹងដើរទន្ទឹមនឹងការពង្រឹង និងការបង្កើនជំនឿទុកចិត្ត និងការជឿជាក់មកលើប្រព័ន្ធសន្តិសុខសង្គមទាំងមូល ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងប្រព័ន្ធមួយ ប្រកបដោយភាពរឹងមាំ, សមធម៌ បរិយាប័ន្ន និងមានចីរភាពហិរញ្ញវត្ថុ។
ទន្ទឹមនេះ ដើម្បីលើកម្ពស់ជំនឿទុកចិត្តមកលើប្រព័ន្ធសន្តិសុខសង្គម, រាជរដ្ឋាភិបាលបានបង្កើតឱ្យមានយន្តការនិយ័តកម្ម និងត្រួតពិនិត្យនេះឡើង តាមរយៈការបង្កើតស្ថាប័ននិយ័តករសន្តិសុខសង្គម ដោយធានាបាននូវតម្លាភាព, គណនេយ្យភាព និងប្រតិតុល្យការក្នុងប្រព័ន្ធសន្តិសុខសង្គមទាំងមូល។ មួយវិញទៀត និយ័តកម្ម និងការត្រួតពិនិត្យប្រព័ន្ធសន្តិសុខសង្គម ក៏មានភាពចាំបាច់ និងមានសារៈសំខាន់យ៉ាងខ្លាំងផងដែរ សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ជាតិ ជាពិសេសនៅពេលដែលទំហំមូលនិធិសន្តិសុខសង្គមកាន់តែធំឡើងៗនៅថ្ងៃអនាគត។
លោកបន្តថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញគោលនយោបាយ វិធានការ និងផែនការ សកម្មភាពគ្រាំទ្រនានាតែឯកឯង មិនអាចកសាងប្រព័ន្ធសន្តិសុខសង្គមមួយដោយជោគជ័យ និងមាននិរន្តរភាពបានទេ បើមិនមានការចូលរួមរបស់សាធារណៈជន និងសមាជិកនៃរបបសន្តិសុខសង្គមនោះទេ។ ហើយការចូលរួមប្រកបដោយប្រសិទ្ធិភាព អាចធ្វើទៅបានលុះណាតែសាធារណៈជន និងសមាជិកទាំងអស់ ទាំងនិយោជក និងនិយោជិត ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីអត្ថប្រយោជន៍ដែលខ្លួននឹងទទួលបាន និងការយល់ដឹងអំពីកាតព្វកិច្ច និងការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព ដោយប្រតិបត្តិករសន្តិសុខសង្គម និងតួអង្គពាក់ព័ន្ធទាំងអស់។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងថា ប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាគឺនៅមានភាពក្មេងខ្ចី ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ជាពិសេសក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍនេះ ដើម្បីកសាងប្រព័ន្ធសន្តិសុខសង្គមមួយប្រកបដោយភាពជោគជ័យ និងនិរន្តភាព។
លោកមានប្រសាសន៍ថា ដើម្បីធានាឱ្យបាននូវប្រព័ន្ធសន្តិសុខសង្គមមួយដែលទទួលបានការជឿទុកចិត្តខ្ពស់ រឹងមាំ និងចីរភាពហិរញ្ញវត្ថុ ចាំបាច់ណាស់តម្រូវឱ្យមានស្ថាប័នធ្វើនិយ័តកម្មនិងត្រួតពិនិត្យមួយ ដែលរឹងមាំនិងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា រួមទាំងមានគុណវុឌ្ឍិគ្រប់គ្រាន់និងសមស្របក្នុងការតាមដាន និងវាយតម្លៃប្រតិបត្តិការសន្តិសុខសង្គម ដើម្បីធានាថាប្រតិបត្តិករសន្តិសុខសង្គមអនុវត្តតួនាទីរបស់ខ្លួនដោយគោរពតាមគោលការណ៍ណែនាំ អនុលោមភាព បទប្បញ្ញត្តិប្រុងប្រយ័ត្ន គណនេយ្យភាព និងតម្លាភាព។
លោកបន្ថែមថា «វត្តមានរបស់និយ័តករសន្តិសុខសង្គម មានសារៈសំខាន់ណាស់ ក្នុងការធានាថា ដំណើរការគ្រប់គ្រង និងការចាត់ចែងរបបសន្តិសុខសង្គមនានា ត្រូវបានអនុវត្តប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងគណនេយ្យភាព ចំពោះសាធារណជន ជាពិសេស ចំពោះនិយោជក និង កម្មករ-និយោជិត ដែលមានកាតព្វកិច្ចបង់ភាគទានចូលទៅក្នុងមូលនិធិរួមគ្នា»។
លោក លើកទឹកចិត្តឱ្យសមាជិក-សមាជិការនៃអង្គសិក្ខាសាលា ធ្វើការចែករំលែកព័ត៌មាន និង ការយល់ដឹងដែលទទួលបានបន្តឱ្យបានទូលំទូលាយផងដែរទៅមិត្តភក្តិ, សាច់ញាតិ-បងប្អូន និងសហការី ដែលជាការរួមចំណែកក្នុងការពង្រឹង និងជំរុញការចូលរួមក្នុងការកសាងរបបសន្តិសុខសង្គម ដ៏សំខាន់ផងដែរ៕