(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំបូកសរុបផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ( ២០១៨-២០២២) និងរៀបចំផែនការយុទ្ធសាស្ត្រថ្មីឆ្នាំ (២០២៣-២០២៧) ដើម្បីជាការប្រមូលនូវធាតុចូលពីបណ្តាមហាវិទ្យាល័យផ្សេងៗរបស់សាកលវិទ្យាល័យ ដើម្បីធ្វើការអភិវឌ្ឍបន្ថែមសម្រាប់សកម្មភាពសម្រាប់ ៥ឆ្នាំបន្ទាប់ សំដៅធ្វើយ៉ាងណាឱ្យសាកលវិទ្យាល័យកាន់តែមានភាពរីកចំរើនទៅមុខទៀត។
កិច្ចប្រជុំបូកសរុបផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ និងរៀបចំផែនការយុទ្ធសាស្ត្រថ្មីនេះ បានធ្វើឡើងនៅបន្ទប់ប្រជុំអគារមាស ជាន់ទី១៣ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីភាពលោកលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាសុី អឺរ៉ុប និងមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត បុគ្គលិកសាកលវិទ្យាល័យមកពីគ្រប់ផ្នែកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លើកឡើងនាឱកាសនោះលោក ស៊ុន សេដ្ឋា បានឱ្យដឹងថា កិច្ចប្រជុំបូកសរុបផែនការយុទ្ធសាស្ត្រការងារនេះដើម្បីជាការប្រមូលជាធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យដឹងថា ការអនុវត្តន៍កន្លងមកអាចយកធ្វើជាផែនការសម្រាប់ឆ្នាំបន្តទៅមុខទៀត ឫអាចបំពេញបន្ថែមនូវនូវចំណុចខ្វះខាតសម្រាប់ផែនការដែលធ្លាប់បានអនុវត្តន៍កន្លងមក ដែលជាក់ស្តែងផែនការដែលអនុវត្តន៍កន្លងមកនូវតែអាចមានបច្ចុប្បន្នភាពសម្រាប់រយៈពេល៥ឆ្នាំ បន្តទៅមុខទៀតផងដែរ។
លោក ស៊ុន សេដ្ឋា បានឱ្យដឹងដែរថា សម្រាប់ផែនការយុទ្ធសាស្រ្តបន្ត ៥ឆ្នាំ (២០២៣-២០២៧) គណៈគ្រប់គ្រងសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានឯកភាពដាក់ចេញចំនួន៦ ចំណុចរួមមាន៖
យុទ្ធសាស្ត្រទី១៖ អភិបាលកិច្ច មានគោលដៅរួមមាន៖ ការចូលរួម និងការវាយតម្ល, តម្លាភាព, ផែនការ និងគោលនយោបាយ ។ យុទ្ធសាស្ត្រទី២៖ អភិវឌ្ឍន៍ស្ថាប័ន មានគោលដៅរួមមាន៖ រដ្ឋបាល, បុគ្គលិក និង ហិរញ្ញវត្ថុ។ យុទ្ធសាស្ត្រទី៣៖ រៀន និងបង្រៀន មានគោលដៅ៖ កម្មវិធីសិក្សា, គ្រូបង្រៀន, និស្សិត។ យុទ្ធសាស្ត្រទី៤៖ ការងារនិស្សិត មានគោលដៅ៖ ផ្នែកព័ត៌មាន និងការងារ, តម្រូវ ការទីផ្សារ, ដៃគូទទួលនិស្សិត។ យុទ្ធសាស្ត្រទី៥៖ ការស្រាវជ្រាវ មានគោលដៅ៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (RDC), ធនធានស្រាវជ្រាវ, ការបោះពុម្ពផ្សាយ។ យុទ្ធសាស្ត្រទី៦៖ កសាងសមត្ថភាព និងនវានុវត្តន៍ឌីជីថល មានគោលដៅ៖ កសាងមូលធនឌីជីល, លើកកម្ពស់ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថល, ការរៀបចំកិច្ចសហការនិងភាពជាដៃគូជាមួយស្ថាប័នបច្ចេកវិទ្យាឌីជីថល។
លោក ស៊ុន សេដ្ឋា បានបន្ថែមថា ដើម្បីសម្រេចបានជោគជ័យលើយុទ្ធសាស្រ្តខាងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងត្រូវអនុវត្តន៍ដូចជា៖ ផ្ដល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ ដែលមានសមត្ថភាពប្រកួតប្រជែង ជំនាញច្បាស់លាស់ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់, ជំរុញនិងលើកទឹកចិត្ត ឱ្យមានការសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយ, បង្កើនសមត្ថភាពយល់ដឹង និងប្រើប្រាស់ ICT និងភាសាបរទេស, បង្កើនការយល់ដឹងអំពីអន្តរវប្បធម៌ សហគ្រិនភាព គំនិតច្នៃប្រឌិត និងការបង្កើតការងារ, លើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដើម្បីឱ្យមានការចូលរួម តម្លាភាព និងអភិបាលកិច្ចក្នុងការគ្រប់គ្រង ស្ថាប័ន និងផ្តល់អាទិភាពចម្បងលើនិស្សិត គ្រូ កម្មវិធីសិក្សា និងអគារ។
លោក ស៊ុន សេដ្ឋា បានបន្ថែមដែរថា ដោយផ្អែកការកំណត់យុទ្ធសាស្រ្ត និងគោលដៅខាងលើ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រូបយកនិស្សិតឱ្យចុះឈ្មោះ ចូលរៀនតាមផែនការជារៀងរាល់ឆ្នាំ ជាពិសេសសាកលវិទ្យាល័យមានបទពិសោធន៍ និងនិរន្តភាពយូរ អង្វែងក្នុងវិស័យអប់រំ ដោយសារសាកលវិទ្យាល័យ មានធនធានមនុស្ស មានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ អគារសិក្សាផ្ទាល់ខ្លួន សម្ភារៈសម្បូរបែបក្នុងការសិក្សានិងការស្រាវជ្រាវ ជាពិសេសមានមូលដ្ឋានធនធានហិរញ្ញវត្ថុរឹងមាំផងដែរ។
សូមជម្រាបដែរថា ជាលទ្ធផលនៃការការងាត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០១៨-២០២២) សាកលវិទ្យាល័យអាស៊ី អឺរ៉ុប មានសកម្មភាពកែលម្អបន្ថែមចំណុចខ្លាំងមួយជាច្រើនដូចជា៖ អគារផ្ទាល់ខ្លួន សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានវិនិយោគយ៉ាងធំសម្បើម និងរឹងមាំ លើអគារសិក្សាផ្ទាល់ខ្លួន ដែលជាសញ្ញាណមួយនៃការវិនិយោគដ៏យូរអង្វែង នឹងនៅស្ថិតស្ថេរ ផ្ដល់ការទុកចិត្ដសម្រាប់និស្សិត និងអាណាព្យាបាលរបស់និស្សិត។ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប យកចិត្ដទុកដាក់ក្នុងការផ្ដល់សេវា យ៉ាងមានប្រសិទ្ធភាព បំផុតគ្រប់ទិដ្ឋភាពនៃការងារកសាង និងកែលម្អ អភិវឌ្ឍន៍កម្មវិធីសិក្សា ការស្រាវជ្រាវ ការសិក្សា និងកិច្ចការរដ្ឋបាល ដែលជាការផ្ដល់សេវាមួយមានទិសដៅឆ្ពោះ ទៅរកការបង្កើនសមត្ថភាពធនធានមនុស្ស សម្រាប់បម្រើការក្នុងទីផ្សារ ការងារទាំងក្នុង និងទាំងក្រៅប្រទេស រួមទាំងការងារមួយចំនួនទៀតផងដែរ៕